សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺមិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្ល៉េះ។ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល។

ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បានបន្ថែមថា ជាមួយសមិទ្ធផលដ៏ថ្លៃថ្លាដែលសម្រេចបានជាបន្តបន្ទាប់មកនេះ នៅថ្ងៃនេះ ក៏ជារបត់ថ្មីមួយទៀតសម្រាប់ក្រសួងមហាផ្ទៃ ដែលបង្កើតអង្គភាពថ្មីមួយមានថ្នាក់ស្មើអគ្គនាយកដ្ឋាន គឺសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។

សម្ដេចក្រឡាហោម បានរម្លឹកថា ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ មិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្ល៉េះ។ សម្ដេចរម្លឹកបន្តថា នៅពេលបង្កើតក្រសួងមហាផ្ទៃហើយនោះ សម្ដេចក៏ត្រូវបានគណបក្ស និងរាជរដ្ឋាភិបាល ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីពេលនោះ និងក៏បានយកចិត្តទុកដាក់គិតគូអំពីការរៀបចំឱ្យមានសាលាជាតិរដ្ឋបាល ដោយបង្កើតសាលាភូមិន្ទរដ្ឋបាល ដែលនៅក្បែរក្រសួងមហាផ្ទៃមកដល់សព្វថ្ងៃនេះ។ ក្រោយមកក៏បានប្រគល់សាលាភូមិន្ទរដ្ឋបាលនេះឱ្យទីស្ដីការគណៈរដ្ឋមន្រ្តីគ្រប់គ្រង និងចុងក្រោយក៏ត្រូវបានប្រគល់ឱ្យស្ថិតក្រោមក្រសួងមុខងារសាធារណៈ។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលប្រកាសនាថ្ងៃនេះ បានដាក់គម្រោងរៀបចំសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន មានទីតាំងនៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្រោងនេះ អាចនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ សម្ដេចបានថ្លែងជំរុញភាគីពាក់ព័ន្ធពន្លឿនគម្រោងសាងសង់នេះ និងធ្វើឱ្យសម្រេចបានតាមផែនការ។

សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន យកចិត្តទុកដាក់លើការរៀបចំផែនការយុទ្ធសាស្រ្ត ការបណ្ដុះបណ្ដាលបែបជាក់ស្ដែងជាជាងទ្រឹស្ដី យកចិត្តទុកដាក់រៀបចំបរិយាកាសល្អៗ និងប្រកបដោយគុណប្រយោជន៍ ខិតខំពង្រឹងនិងអភិវឌ្ឍន៍ការងារស្រាវជ្រាវនានា ព្រមទាំងពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី។ សម្ដេចក៏ស្នើឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្ដល់កិច្ចសហការ និងគាំទ្រដល់ដំណើរការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន គិតគូឱ្យបានរួចរាល់ពីឥឡូវនេះទៅ ពាក់ព័ន្ធនឹងការផ្ដល់ការលើកទឹកចិត្តជូនសាស្ត្រាចារ្យ និងគ្រូបង្រៀន ដូចដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំរួចរាល់ ពាក់ព័ន្ធនឹងការផ្ដល់តួនាទី និងកម្រិតថ្នាក់ជូនពួកគាត់ ដោយសម្ដេចបន្តថា ការរៀបចំការងារនេះបានល្អ នឹងអាចផ្ដល់ឱកាសឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន មានទាំងនិរន្តរភាព ព្រមទាំងអាចប្រមូលបានអ្នកចេះដឹងមកចូលរួមបណ្ដុះបណ្ដាលមន្ត្រី៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner