សម្តេច​តេ​ជោ ហ៊ុន សែន ដាក់សំណើ​បួន​ចំណុច​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​

ភ្នំពេញៈ សំណើ​ចំនួន​បួន​ចំណុច ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​អាស៊ាន​ដាក់ ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ដើម្បី​ជា​គន្លឹះ​ឈានទៅ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​កើតមាន​។

សម្តេច​តេ​ជោ ហ៊ុន សែន ដាក់សំណើ​បួន​ចំណុច​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​

​សំណើ​នេះ​បានធ្វើ​ឡើ​ង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ការវិវឌ្ឍ​នានា​ពាក់ព័ន្ធ​បញ្ហា​របស់​មី​យ៉ាន់​ម៉ា​នា​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​។​

​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​ក្រុម​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​ចប់​ថា​ក្រៅ​តែ ពី​ការផ្លាស់ប្តូរ​ព័ត៌មាន​នានា​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​សំណើ​ចំនួន​បួន​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​ដើម្បី​ជាព​ន្លឹ​នៃ​ការ​ឈានទៅ​ដោះស្រាយ​វិបត្តិ​នៅក្នុង ប្រទេស​មី​យ៉ាន់​ម៉ា​។ សំណើ​ទាំង​បួន​ចំណុច​មានដូចជាៈ
១. សម្តេច​តេ​ជោ​អំពាវនាវ​លោក មីន អោ​ង​ឡាំង ខិតខំ​អនុវត្ត​គោលការណ៍​ឯកច្ឆន្ទ​ទាំង​ប្រាំ របស់​អាស៊ាន ដែល​បាន​ដាក់ចេញ​កាលពី​ខែមេសា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​មេដឹកនាំ​អាស៊ាន នៅ​ឥណ្ឌូនេស៊ី​។​
២.​ស្នើ​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង ឡាំង ខិតខំ​បង្កលក្ខណៈ​ល្អប្រសើរ ដើម្បី​បើកផ្លូវ​ឱ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា នាពេលខាងមុខ​។​
៣.​អំពាវនាវ​សុំឱ្យ​ភាគី​ជម្លោះ​ទាំងអស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ភាគី​គ្រប់គ្រង​រដ្ឋាភិបាល​ផង ត្រូវ​បញ្ឈប់​រាល់​អំពើហិង្សា និង​ឈានទៅដល់​ការអនុវត្តន៍​បទ​ឈប់​បាញ់​នាពេលខាងមុខ​។ បញ្ហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​សម្តែង​នូវ​ក្តីបារម្ភ​ចំពោះ​អំពើហិង្សា​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ មី​យ៉ាន់​ម៉ា កាលពីដើម​ខែមករា​។ សម្តេច​តេ​ជោ បានស្នើ​គ្រប់ភាគី​ទាំងអស់​បង្ហាញ​នូវ​ភាព​អត់ធ្មត់​។​
៤.​ស្នើ​នាយ​ឧ​ត្ត​ម​សេនីយ៍ មី​ញ អោ​ង ឡាំង ចូលរួម​ផ្តល់​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ ទៅដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​បំផុត ដូច​អ្វីដែល​សម្តេច​បាន​លើក​ពេល​ជួប​នៅ​ណៃ​ពិដោ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​

​សូម​រម្លឹកថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​០៧-០៨ ខែមករា ឆ្នាំ​២០២២​។​
​នៅក្នុង​ជំនួប​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ក្តីកង្វល់​រួម​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជម្រាបជូន​គ្នា​ទៅវិញទៅមក អំពី​ការវិវត្ត​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ ខ្លួន​។
​ទាក់ទង​នឹង​ការវិវត្ត​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​៥​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូតដល់​ចុងឆ្នាំ​២០២២​។ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត ដែល​ទង្វើ​ទាំងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។ ក្នុងន័យនេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។ ជំហាន​ដ៏​សំខាន់​នេះ ត្រូវ​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​៕​ដោយ​៖​ព​លេ​ជ័យ​

សម្តេច​តេ​ជោ ហ៊ុន សែន ដាក់សំណើ​បួន​ចំណុច​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner