ភ្នាក់ងារស្វីស ស្នើសុំអភិបាលខេត្តរតនគិរី ជួយលើការតម្រង់ទិស និងភ្ជាប់ទំនាក់ទំនងការទូត សំដៅឱ្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ទទួលបានជោគជ័យនៅខេត្តរតនគិរី

រតនគិរី ៖ លោកស្រី Nadia Ottiger អនុប្រធាននៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំប្រទេសកម្ពុជា(SDC) ស្នើសុំការតម្រង់ទិស និងភ្ជាប់ទំនាក់ទំនងការទូត សំដៅឱ្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ទទួលបានជោគជ័យនៅខេត្តរតនគិរី ។

លោកស្រី Nadia Ottiger បានស្នើសុំបែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅបន្ទប់VIPសាលាខេត ។

លោកស្រីបន្ថែមថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺមានគោលដៅសម្រាប់ជួយដល់យុវជន យុវតី ដែលជួបការលំបាក និងកម្មករជំនាញទាបនៅក្នុងខេត្តចំនួនប្រាំ នៃប្រទេសកម្ពុជា (ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី) ដើម្បីអោយពួកគេទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង ហើយកម្មវិធីនេះមានគោលបំណងសំខាន់ចំនួនពីរគឺ ១.គាំទ្រដល់ប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសកម្ពុជា (TVET) ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងខេត្តគោលដៅ
២. លើកកំពស់ការងារ និងប្រាក់ចំណូលរបស់យុវជន និងយុវនារីដែលជួបការលំបាក និងកម្មករជំនាញទាប តាមរយៈបច្ចេកទេស ជំនាញ ជំនាញទន់ និងជំនាញសហគ្រិនភាព។

លោកស្រីក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងល្អ ដើម្បីធ្វើអោយគម្រោងមួយនេះដំណើរការបានយ៉ាងល្អ ដោយលោកស្រីសង្កេតឃើញថានៅមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានសិស្សស្រីបានមកចូលរៀនច្រើន ព្រមទាំងមានសិស្សជាប្អូនៗជនជាតិដើមភាគតិច និងប្អូនៗសិស្សានុសិស្សដែលក្រីក្រនិងមានជីវភាពលំបាកៗ សុទ្ធតែបានមកចូលរៀនដោយស្មើភាពគ្នា និងទទួលបានចំណេះជំនាញដូចៗគ្នា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ដែលបានឧបត្ថម្ភ គាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើតចំណូលដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការ បន្ដជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្ត នូវសម្ភារបច្ចេកទេសនានា សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន ព្រមទាំងជួយបណ្ដុះបណ្ដាលនូវជំនាញថ្មីៗបន្ថែមទៀត លើជំនាញអគ្គិសនី សំណង់ ជំនាញជួសជុលម៉ាស៊ីនត្រជាក់ និងបរិក្ខារនានា និងជំនាញជួសជុលរថយន្ដជាដើម។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តក៏បានបង្ហាញពីសក្ដានុពលរបស់ខេត្តរតនគិរីដែលមាន៣ធំៗសំខាន់ ដែលក្នុងនោះមាន វិស័យអេកូទេសចរណ៍ វិស័យកសិ-ឧស្សាហកម្ម និងវិស័យរ៉ែ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តរតនគិរី ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner