ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។ 

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាមកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ ០៣ សំខាន់ រួមមាន៖ 

-ទី១. គឺតួអង្គក្មួយៗ ដែលបានខិតខំរៀនសូត្រ។ សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សានិងការបំពេញការងារដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។ 

-ទី២. គឺតួអង្គឪពុកម្តាយ អាណាព្យាបាល ដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់ក្មួយៗ គឺជាការតបស្នងសងគុណមួយក៏ស័ក្តិសមបំផុតសម្រាប់ពួកគាត់។ 

-ទី៣. គឺតួអង្គលោកគ្រូ អ្នកគ្រូ។ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។ សិស្សៗម្នាក់មានសម្បកតួខ្លួនខាងក្រៅ ឯលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមបន្តថា ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យដូចដែលឆ្លុះបញ្ចាំងតាមរយៈ កំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះគឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទាំងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner