អាមេរិកឆ្លើយតបនឹងការទាមទារសន្តិសុខរបស់រុស្ស៊ី ខណៈភាពតានតឹងអ៊ុយក្រែនកើនឡើង

កាល​ពី​ថ្ងៃ​ពុធ ទី​២៦ មករា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ខ្លួន​បាន​ដាក់​ចេញ​នូវ​ផ្លូវ​ការទូត​មួយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​រុស្សី​នៅ​អឺរ៉ុប​ខាង​កើត​ ខណៈ​ពេល​ដែល​ក្រុង​មូស្គូ​ធ្វើ​ការ​ចរចា​សន្តិសុខ​ជាមួយ​លោក​ខាង​លិច​ និង​រៀប​ចំ​សមយុទ្ធ​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​បាន​និយាយ​ថា​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​នឹង​ការ​ទាម​ទារ​របស់​រុស្សី​ ដែល​ប្រគល់​ទៅ​ឱ្យ​ក្រុង​មូស្គូ​ដោយ​ផ្ទាល់​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក សហរដ្ឋ​អាមេរិក​បាន​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រក្សា​គោល​នយោបាយ​ «បើក​ទ្វារ​» របស់​អង្គការ​ណាតូ​ ខណៈ​ពេល​ដែល​ផ្ដល់​នូវ «ការ​វាយ​តម្លៃ​ជា​គោលការណ៍ និង​ជាក់​ស្ដែង»​ នៃ​ការ​ព្រួយ​បារម្ភ​របស់​វិមាន​ក្រឹមឡាំង​។

ការ​ទាមទារ​របស់​រុស្សី​រួមមាន​ការ​ទាមទារ​ឱ្យ​អង្គការ​ណាតូ​ដក​ទ័ព​ និង​អាវុធ​ចេញ​ពី​អឺរ៉ុប​ខាង​កើត​ និង​ការ​ហាមឃាត់​មិន​ឱ្យ​ប្រទេស​អ៊ុយក្រែន​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​។ ក្រុង​វ៉ាស៊ីនតោន​បាន​ច្រាន​ចោល​ការ​ទាមទារ​ទាំង​នេះ ប៉ុន្តែ​និយាយ​ថា​ពួកគេ​អាច​ពិភាក្សា​វិធានការ​គ្រប់គ្រង​អាវុធ និង​កសាង​ទំនុក​ចិត្ត​។

តើ​ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​នឹង​ទទួល​យក​ការ​ឆ្លើយ​តប​របស់​លោក​ខាង​លិច​ដែរ​ ឬ​ទេ​នឹង​កំណត់​ដំណាក់​កាល​បន្ទាប់​នៃ​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​។ រុស្សី​បាន​ពង្រាយ​ទាហាន​ជាង​ ១០០.០០០ នាក់​នៅ​តំបន់​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​បាន​ច្រាន​ចោល​ថា​ខ្លួន​មិន​មាន​ផែនការ​ឈ្លានពាន​ទេ​។

អង្គការ​ណាតូ​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​មួយ​ចំនួន​ត្រៀម​ធ្វើ​ការ​ចល័ត​ ហើយ​បាន​បញ្ជូន​នាវា​ និង​យន្តហោះ​ចម្បាំង​ទៅ​ពង្រឹង​កង​កម្លាំង​នៅ​អឺរ៉ុប​ខាង​កើត​ ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​ផ្គត់ផ្គង់​អាវុធ​ឱ្យ​កង​ទ័ព​អ៊ុយក្រែន​៕

U.S. Secretary of State Antony Blinken speaks about Russia and Ukraine during a briefing at the State Department in Washington, U.S., January 26, 2022. Brendan Smialowski/Pool via REUTERS

ប្រភព៖ REUTERS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner