អ្នកជំនាញ៖ ការឆ្លើយតបយឺតយ៉ាវនៃស្ថាប័នសុខភាពសាធារណៈរបស់អាមេរិក ធ្វើឱ្យអូមីក្រុងឆ្លងអាក្រក់ជាងធម្មតា

រឿង​ដំបូង​ដែល​​​ប្រធានាធិបតី​អាមេរិកលោក​ ចូ បៃដិន (Joe Biden) ​​ធ្វើ​បន្ទាប់​ពី​ជាប់​ឆ្នោត​គឺ​ត្រូវ​ដាក់​ឈ្មោះ​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​នៃ​វេជ្ជបណ្ឌិត​ និង​អ្នក​វិទ្យាសាស្ត្រ ​ដើម្បី​ដោះស្រាយ​ការរាត​ត្បាត​នៃ​​ជំងឺ​កូវីដ-១៩​  ដោយ​គ្រប់​វិធានការ​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយអ្នក​​វិទ្យាសាស្រ្ត​ និង​​អ្នក​ជំនាញ​។

ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​ លោក​ Biden ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​អំពី​ការ​ឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ជំងឺ​រាត​ត្បាត​។​ មក​ទល់​ពេល​នេះ​ មនុស្ស​ពេញ​វ័យ​នៅស​ហរដ្ឋ​អាមេរិក​ភាគ​ច្រើន​បាន​ទទួល​វ៉ាក់​សាំង​ ហើយ​ការ​ព្យាបាល​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​ក៏​ត្រូវ​បាន​អនុម័ត​។​​

ប៉ុន្តែ​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ស្រប​ពេល​ដែល​វ៉ារ្យ៉ង់​ឆ្លង​រហ័ស​អូមីក្រុង​រាលដាល​ ​ការ​ឆ្លើយ​តប​ផ្សេង​ៗ​ក៏​ត្រូវ​បាន​ញាំ​ញី​ដោយ​កំហុស​ឆ្គង​មួយ​ចំនួន​ និង​ការ​មិន​ដំណើរ​ការ​ផ្នែក​រដ្ឋបាល​ ដែល​ធ្លាប់​កើត​មាន​ក្នុង​អាណត្តិ​​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ (Donald Trump)។ ​

ករណី​ថ្មី​នៃ​កូវីដ-១៩​  ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេសគិត​ត្រឹម​ចុង​ខែ​មករា​នេះ​​។​  ទោះ​បី​យ៉ាង​នេះ​​ក្ដី​ ​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​​​លោក ​Anthony S. Fauci ​​​​ព្រមាន​​នា​ពេល​​​ថ្មី​​ៗ​នេះ​​​​ថា​​​ ការ​លុប​បំបាត់​ ​ឬ​ការ​បញ្ចប់​វីរុស​​នៅ​តែ​មិន​ទំនង​ ហើយ​ការ​ធ្លាក់​ចុះ​ក៏​មិន​បង្ហាញ​ថា​ ប្រទេស​អាច​គ្រប់​គ្រង​ស្ថានការណ៍​នៃ​វីរុស​​បាន​ដែរ​។​ 

គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ Biden ​ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ការ​ធ្វើ​តេស្ត​នៅ​ផ្ទះ​ ការ​ពាក់​ម៉ាស់​ និង​ការ​ធ្វើ​ចត្តា​ឡីស័ក​ ស្ថិត​ក្នុង​ភាព​មិន​ជាប់​លាប់​ ដែល​អ្នក​រិះ​គន់​និយាយ​ថា​ ជា​បញ្ហា​ធ្វើ​ឱ្យ​រលក​រាល​ដាល​នៃ​វ៉ារ្យ៉ង់​អូមីក្រុង​របស់​ប្រទេស​កាន់​តែ​អាក្រក់​ជាង​ធម្មតា​។​​ អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ ​និង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ ឫសគល់​នៃ​បញ្ហា​ទាំង​នេះ​ គឺ​ជា​ជំងឺ​ដែល​បង្ក​ទុក្ខ​ដល់​ស្ថាប័ន​សុខភាព​សាធារណៈ​សំខាន់​ៗ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

អស់​​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​នាម​ជាអ្ន​ក​ដឹក​នាំ​សកលលោក​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​និង​គោល​នយោបាយ​សុខភាព​សាធារណៈ​ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ (CDC) ​រដ្ឋ​បាល​ចំណី​អាហារ​ និង​ឱសថ​ (FDA) ​និង​វិទ្យាស្ថាន​ជាតិសុ​ខភាព​ មាន​ដំណើរ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​រាត​ត្បាត​ ​ហើយ​ក៏​គ្មាន​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ក្នុង​ចំណោម​នោះ​។​

លោក​វេជ្ជប​ណ្ឌិត​ Ezekiel Emanuel ​សាស្ត្រាចារ្យ​ផ្នែក​គ្រប់​គ្រង​ការ​ថែទាំ​សុខភាព​នៅសា​កល​វិទ្យាល័យ​ Pennsylvania ​និង​ជាអ​តីត​ទីប្រឹក្សា​របស់​លោក​ Biden ​អំពី​កូវីដ-១៩​ និយាយ​ប្រាប់​កាសែត ​Financial Times ​ថា​៖​ ​«យើង​មាន​ស្ថានភាព​មួយ​ដែល​ភ្នាក់ងារ​ទាំង​នេះ​មិន​បាន​ឆ្លើយ​តប​ដូច​ដែល​ពួក​គេ​គួរ​​​។​ ប្រធាន​បទ​ជា​មូលដ្ឋាន​នោះ​គឺ​ភាព​មិន​ចេះ​បត់​បែន​ ទាំង​ផ្នែក​ធនធាន​ និង​មនោគម​វិជ្ជា​»​។​

បច្ចុប្បន្ន​នេះ​ មនុស្ស​ជា​ច្រើន​ជឿ​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ទទួល​រង​នូវ​ការ​ឆ្លង​ និង​អត្រា​ស្លាប់​ខ្ពស់​ជាង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើ​ន​ទៀត​ ដោយ​លុះ​ត្រា​តែ​លោក​ Biden ​ផ្តល់​អាទិភាព​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទីភ្នាក់ងារ​​ ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ជិត​កន្លះ​សែន​​នាក់​នេះ​។​

លោក​ James Capretta ​បុគ្គលិក​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​​ និង​ជា​អតីត​មន្ត្រី​សេតវិមាន​​និយាយ​ថា​៖​ «​រដ្ឋបាល​លោក​ Biden ​ប្រហែល​ជា​កំពុង​ស្វែង​រក​យ៉ាង​ឆាប់​រហ័ស​ថា​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋបាល​លោក​ Trump ​មាន​ ​គឺ​ជា​រចនា​សម្ព័ន្ធ​ និង​ស្ថាប័ន​។​ ជា​ពិសេស​ CDC ​ជាមូល​ដ្ឋាន​ហាក់​ដូច​ជា​មិន​មែន​ជា​ភ្នាក់ងារ​ប្រតិបត្តិ​ការ​ទេ​ ដោយ​ពួក​​គេធ្វើ​ការ​​​​ស៊ើក​ៗ​​​»​។​​

អ្នក​រិះគន់​និយាយ​ថា​ CDC ​ដែល​មាន​តួនាទី​វាយ​តម្លៃ​ហានិភ័យ​នៃ​មេរោគ​ តាម​ដាន​​ការ​​រីក​រាល​ដាល​របស់​វា​ និង​ចេញ​គោលការណ៍​ណែនាំ​សុខភាព​សាធារណៈ​ដល់​រដ្ឋ​នោះ ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​ស្គាល់​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​អូមីក្រុង​ ​មិន​ត្រឹម​តែ​ទាក់​ទង​នឹង​កម្រិត​នៃ​ការ​ឆ្លង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​មាន​ន័យ​ផង​ដែរ​ដើម្បី​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ក្នុង​ពេល​តែ​មួយ​។ ​​

ជាមួយ​គ្នា​នោះ​ដែរ​ ការ​សម្រេច​ចិត្ត​យឺត​យ៉ាវ​ និង​កង្វះ​ការ​សម្រប​សម្រួល​ក៏​ញាំ​ញីដ​ល់ ​FDA ​ដែល​ជា​អង្គការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុម័ត​ថ្នាំ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​​​។​ ក្នុង​អំឡុង​ពេល​អូមីក្រុង​រាល​ដាល​ ឱសថ​ស្ថាន​នៅ​សហរដ្ឋអាមេរិក​ចាប់​ផ្តើម​បន្ថយ​ការ​ផ្គត់​ផ្គង់​ប្រដាប់​ធ្វើ​តេស្ត​រហ័ស​ដោយ​សារ​ការ​ខ្វះ​ខាត​​ ហើយ​មូល​ហេតុ​នៃ​កង្វះ​ការ​ផ្គត់​ផ្គង់​នេះ​គឺ​ដោយ​សារ​តែ​​ FDA ​​អនុម័ត​ឧបករណ៍​ធ្វើ​តេស្តរហ័ស​​ថ្មី​យឺត​យ៉ាវ​។​ ​អ្នក​ជំនាញ​ជា​ច្រើន​​ប្រកែក​ថា​ វា​ជា​ការ​ប្រសើរ​ជាង​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ឧបករណ៍​ធ្វើ​តេស្ត​គ្រប់​គ្រាន់​ ហើយ​អនុញ្ញាត​ឱ្យ​មនុស្ស​ធ្វើ​តេស្ត​ជា​ទៀង​ទាត់​​​។​

យ៉ាង​ណាមិញ​ ​ខណៈ​ដែល​មាន​ការ​រិះគន់​ដែល​ថា​រដ្ឋបាល​លោក ​Biden ​គួរ​តែ​ធ្វើ​កំណែ​ទម្រង់​ស្ថានប័ន​សុខាភិបាល​ផ្សេងៗ​​ មន្រ្តី​របស់​លោក​​ប្រធានាធិបតី​​រូប​នេះ​និយាយ​ថា​ ពេល​វេលា​គឺមា​ន​សារៈ​សំខាន់​ណាស់​ចំពោះ​រឿង​នេះ​។​

អ្នក​ស្រី ​Céline Gounder ​អ្នក​ឯកទេស​​ខាង​រោគ​រាត​ត្បាត​ដែល​បម្រើ​ការ​ក្នុង​ក្រុម​អន្តរកាល​របស់​លោក ​Biden ​និយាយ​ថា​៖​ «​វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទីភ្នាក់ងារ​ទាំង​នេះ​នៅក​ណ្តាល​ទី​នៃ​ជំងឺ​រាត​ត្បាត​។​ ​ពេល​ដែល​អ្នក​មាន​មនុស្ស​ដែល​ធ្វើ​ការ​ ១០០ ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​រយៈ​ពេល​ ២ ​ឆ្នាំ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​ច​ង់​ធ្វើ​ចុង​ក្រោយ​នោះ​គឺ​ កាន់​តែ​ធ្វើ​ឱ្យ​បរិយាកាស​​មាន​អស្ថិរភាព​បន្ថែមទៀត​»​។

ប្រភព៖ WASHINGTON POST

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner