អាជ្ញាធរស្រុកថ្មគោល ដឹកនាំកម្លាំងនិងអាជ្ញាធរមូលដ្ឋានឃុំ និងអេស្កាវ៉ាទ័រ ចុះធ្វើការកាត់ផ្តាច់ផ្លូវដែលចូលទន្ទ្រានដីព្រៃតំបន់៣ចំនួន៤កន្លែងស្ថិតនៅភូមិសាស្ត្រ “ចំណុចបឹងល្ពាក់” ឃុំជ្រោយស្តៅ

       ក្រោយពីចុះពិនិត្យមើលទីតាំងព្រៃលិចទឹកតំបន់៣ ដែលត្រូវដកហូតនិងបន្តការដាំព្រៃលិចទឹកនិងគ្រាប់ត្នោត នៅតាមព្រំប្រទល់ដីតំបន់២ ជាប់និងដីព្រៃលិចទឹកតំបន់៣ក្នុងភូមិសាស្ត្រឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនិងបន្ទាប់ពីបានដាក់បទកំហិតពេលវេលាជាក់លាក់ ដល់គ្រួសារចំនួន០៦គ្រួសារដែលកំពុងបោះទីតាំងរស់នៅខុសច្បាប់នៅចំណុចព្រៃដែលត្រូវដកហូតខាងលើ ហើយដែលអាជ្ញាធរស្រុកបានកំណត់ឲ្យរុះរើផ្ទះសម្បែងខុសច្បាប់ទាំងនោះចេញជាបន្ទាន់នោះ។

      នៅព្រឹក ថ្ងៃទី២៧ខែមករា ឆ្នាំ២០២២នេះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានដឹកនាំបញ្ជា ដោយនាំយកនូវគ្រឿងចក្រអេស្កាវ៉ាទ័រ មួយគ្រឿង ដើម្បីចុះធ្វើការកកាយកាត់ផ្តាច់ផ្លូវចូលទៅកាន់ព្រៃលិចទឹកតំបន់៣ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំខាងលើ។ក្នុងការចុះធ្វើការកាត់ផ្តាច់ផ្លូវនេះ ក៏មានការចូលរួមពីកងកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងនគរបាលប៉ុស្តិ៍ នៅទីនោះផងដែរ។

      លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលក៏បានគូសបញ្ជាក់ថា៖ ដោយគោរព និងអនុវត្តតាមបទបញ្ជាពីឯកឧត្តមប្រធានក្រុមការងារស្រុក គឺលោកបានដាក់ចេញបទបញ្ជារួចហើយ ទៅដល់អាជ្ញាធរឃុំ លោកមេប៉ុស្តិនៅទីនោះនិងកងកម្លាំងប្រដាប់អាវុធរបស់គណៈបញ្ជាការឯកភាពស្រុកក្នុងការត្រៀមកម្លាំងចុះទៅរុះរើនិងធ្វើការដកហូតរឹបអូសសម្ភារៈទាំងឡាយណា ដែលមាននៅទីនោះ ខណៈដែលម្ចាស់រឹងរូសមិនព្រមដឹកចេញ។ ហើយក្នុងនោះផងដែរ រដ្ឋបាលស្រុកនិងដឹកនាំកងកម្លាំងនាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅកាន់ទីតាំងខាងលើដើម្បីធ្វើការកាយផ្តាច់ផ្លូវចេញចូលចំនួន០៤កន្លែង នៅទីតាំងផ្លូវចូលទៅកាន់តំបន់ព្រៃដកហូត ដែលស្ថិតនៅចំណុច”បឹងល្ពាក់” ក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។លោកអភិបាលស្រុកក៏បានឲ្យដឹងបន្ថែមទៀតថា៖ក្នុងចំណោមឃុំចំនួន៤ដែលមានភូមិសាស្ត្រជាប់តំបន់ព្រៃលិចទឹកជាប់បឹងទន្លេសាប មាន៖ឃុំតាម៉ឺន, ឃុំជ្រោយស្តៅ,ឃុំតាពូង, និងឃុំបឹងព្រីង។ក្នុងនោះអាជ្ញាធរស្រុកក៏បានធ្វើការកាត់ផ្លូវដែលចូលទៅកាន់ព្រៃតំបន់៣ ស្ថិតក្នុងឃុំចំនួន០២រួចមកហើយ គឺ៖ឃុំជ្រោយស្តៅចំនួន៤កន្លែង ស្ថិតក្នុងភូមិនិគមក្នុង “ចំណុចបឹងល្ពាក់”។ឃុំតាម៉ឺនចំនួន០២កន្លែងស្ថិតក្នុងភូមិជ្រោយម្ទេស “ចំណុចបឹងអាញ៉ូត”។ ០១កន្លែងទៀតស្ថិតក្នុងភូមិទំពូងជើង”ចំណុចបឹងផ្ចាស់”។ ដោយឡែកឃុំចំនួន០២ទៀតនិងបន្តធ្វើនិងឲ្យបានរួចរាល់នៅសប្តាហ៍ទី១ឬទី២ខែកុម្ភៈឆ្នាំ២០២២ឆាប់ៗនេះទាំងការដាំព្រៃលិចទឹកឡើងវិញ និងការកាត់ផ្តាច់ផ្លូវចូលទៅកាន់ព្រៃតំបន់៣ ដែលហាមឃាត់ដាច់ខាតនិងធ្វើការដកហូតដោយប្រមុខរាជរដ្ឋាភិបាលកន្លងមក។

       លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលខេត្តបាត់ដំបង ក៏បានផ្តល់នូវបទសម្ភាសន៍ដោយបានបញ្ជាក់ថា៖

     តាមការគូសបញ្ជាក់ពីលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានគូសបញ្ជាក់ឲ្យដឹងថា៖ ការដាំកូនឈើព្រៃលិចទឹក និងគ្រាប់ត្នោតនៅក្នុងភូមិសាស្ត្រស្រុកខ្លួន ក្រោយពីមានការដាក់ចេញនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីជា សុផារ៉ា កន្លងមកនិងមានការណែនាំឲ្យដាំនូវព្រៃលិចទឹកឡើងវិញនៅក្នុងតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្ររបស់ស្រុកខ្លួន។មកដល់ពេលនេះក្រុមការងារនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មគោល បានបន្តធ្វើការដាំដុះ ជាបន្តបន្ទាប់តាមបណ្តាឃុំដែលមានភូមិសាស្ត្រជាប់និងព្រៃលិចទឹកតំបនបឹងទន្លេសាបក្នុងនោះដាំគ្រាប់ត្នោតចំនួន១៩.៨៥០គ្រាប់ កូនរាំងទឹក ចំនួន២០០ដើមនិងឫស្សីផ្អែមចំនួន២៤គុម្ពផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner