ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបលោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួល លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវអគ្គនាយក បានរំឭកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា និងអាល្លឺម៉ង់។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមស្តីពីការពិគ្រោះយោបល់ទ្វេភាគីដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុង អំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលនឹងក្លាយជាស្ពានបើកសក្តានុពលភាពថ្មីៗ ដើម្បីគាំទ្របន្ថែមទៀតដល់កិច្ចសហការ និងទំនាក់ទំនងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេស និងប្រជាជនទាំងពីរ។

អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិក សហភាពអឺរ៉ុប ហើយកម្ពុជាមានមោទនភាពដែលប្រទេសខ្លួនជាគោលដៅមួយក្នុងចំណោមគោលដៅ ដែលទេសចរអាល្លឺម៉ង់ពេញចិត្តបំផុត។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវអគ្គ នាយក មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរនៅមានឱកាសប្រកបដោយសក្ដានុពលសម្រាប់បង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេរដងដើម្បីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត។

ឯកឧត្តម ប្រាក់ សុខុន ក៏បានឆ្លៀតយកឱកាសនោះថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធ និងប្រជាជនអាល្លឺម៉ង់ ចំពោះជំនួយសប្បុរសធម៌ដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ (Covid-19 Emergency Response Plan) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុប ជាង១៤លានអឺរ៉ូ (ប្រមាណ១៧លានដុល្លារអាមេរិក) និងការបន្តរួមវិភាគទានដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា លើវិស័យជាច្រើនមានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ ការធ្វើវិមជ្ឈការ កំណែទម្រង់ដីធ្លី ។

ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងប្រទេស មីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Petra Sigmund អំពីអាទិភាពនានារបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងអំពីការប្រឈមសំខាន់ៗដែល អាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងបានជម្រាបជូនដោយសង្ខេបអំពីលទ្ធផលនៃដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។ លទ្ធផលសំខាន់ៗដែលសម្រេចបាន ត្រូវបានស្តែងចេញតាមរយៈការ ប្តេជ្ញាចិត្តពីភាគីយោធាក្នុងការពន្យារបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ជាមួយក្តីសង្ឈឹម ដើម្បីបញ្ចប់សកម្មភាពហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC) សម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយបរិយាប័ន្ន និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិចារណាឡើងវិញលើរឿងក្តី របស់សាស្រ្តាចារ្យជនជាតិអូស្រ្តាលី ឈ្មោះ សៀន ធឺរណែល (Sean Turnell) នៅពេលដែល ដំណើរការតុលាការបានបញ្ចប់។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមាន គោលបំណងតែមួយគត់ គឺដើម្បីជួយប្រទេសមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បី សម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយខ្វះមិនបាន នៅក្នុងដំណើរការនៃកិច្ចចរចា។ លើសពីនេះ ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីទម្លាយភាពជាប់គាំង សម្រាប់វឌ្ឍនភាពមួយជំហានម្តងៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC)។ ប៉ុន្តែទោះបីជាណាក៏ដោយ ដំណើរការសន្តិភាពណាមួយត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា។

លោកជំទាវ Petra Sigmund បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ាន និងការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា។ លោកជំទាវ បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការជាមួយកម្ពុជា។

លោកជំទាវ Petra Sigmund ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផងដែរថា «រដ្ឋមន្រ្តីការបរទេសរបស់យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយក្នុងការជួបពិភាក្សាការងារជាមួយ ឯកឧត្តមផ្ទាល់» និងបានគូសបញ្ជាក់អំពីគោលបំណងរបស់រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ក្នុងការ អញ្ជើញ ឯកឧត្តម ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់តំបន់អឺរ៉ុប នាខែក្រោយនេះ។ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner