កងទ័ពអាមេរិកធ្វើដំណើរទៅដល់ទឹកដីប៉ូឡូញហើយ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត

បរទេស៖ សាក្សីបានប្រាប់កាសែតរ៉យទ័រថា យន្តហោះ​ដឹក​កង​ទ័ព​អាមេរិក​បាន​ទៅដល់ទឹកដី​​ប៉ូឡូញ​ហើយ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​ដែល​នេះ​ជា​គោល​ដៅ​របស់​រដ្ឋាភិបាលទី​ក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ពង្រឹង​កម្លាំង​​ទ័ព​សម្ព័ន្ធ​មិត្ត​​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត ​ចំពេលយោធារុស្ស៊ីដាក់ពង្រាយយោធា​នៅ​ព្រំ​ដែនអ៊ុយក្រែន។

ការ​ទៅ​ដល់​នៃយន្ត​ហោះ​ចម្បាំង C-17 ​កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ បានកើតមានឡើងបន្ទាប់​ពី​យន្តហោះ​មួយ​​គ្រឿង​ដឹក​មេ​បញ្ជាការ​កង​ទព​ជើង​អាកាស​ទី ​៨២​ លោក​ Christopher Donahue បាន​ទៅ​ដល់​កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន ​នៅ​ព្រលាន​យន្តហោះ Rzeszow-Jasionka និង​យន្តហោះ​​អាមេរិក​ពីរ​បីគ្រឿង​ទៀត​ដែល​ដឹក​សម្ភារៈ​យោធា និង​​ក្រុម​​នាំ​មុខ​មុន។ បើតាមគេហទំព័ររបស់​កង​ទ័ព​អាកាស​អាមេរិកនោះ ភ្លាមៗនោះ គេនៅ​មិន​ច្បាស់​​ថាតើ​កម្លាំង​ទ័ព​ចំនួន​ប៉ុន្មាន​នាក់​បាន​ទៅ​ដល់ ប៉ុន្តែ​យន្តហោះចម្បាំង C-17 អាច​ផ្ទុក​កង​ទ័ព​អាកាស​​បាន​១០២នាក់ និង​គ្រឿ​ងសព្វាវុធ។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន កាល​ពី​ថ្ងៃ​ពុធសប្តាហ៍មុន​បាន​បញ្ជា​អោយបញ្ជូន​កម្លាំង​កងទ័ពបន្ថែម​ជិត ​៣​ពាន់​នាក់​ទៅ​​ប៉ូឡូញ និង​រ៉ូម៉ានី ខណៈដែល​ទី​ក្រុង​វ៉ាស៊ីន​តោន​​​ចាត់​វិធានការ​​ដើម្បី​ធានា​ដល់​សម្ព័ន្ធ​មិត្ត​កុំ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់។ បើតាមមន្ទីរ​បញ្ចកោណ​ សមាជិក​យោធា​ប្រមាណ​១ពាន់៧រយ​នាក់ ​ដែល​ភាគ​ច្រើន​មក​ពី​​កង​ពល​ជើង​​អាកាស​ទី​៨២ ​​នឹង​ដាក់​ពង្រាយ​ពី​បន្ទាយ Fort Bragg ភាគ​ខាង​ជើង​រដ្ឋ​ខូរ៉ូលីណា ទៅ​កាន់​ប៉ូឡូញ៕ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner