អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ស្នើអោយអាជ្ញាកណ្តាល-ចៅក្រមការ៉ាតេ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ត្រូវយកចំណេះដឹងទៅអនុវត្តអោយមានប្រសិទ្ធភាព និងតម្លាភាព

ភ្នំពេញ៖ ឯកឧត្តម សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលារាជធានីភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើអោយអាជ្ញាកណ្តាល-ចៅក្រម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១ ដែលបិទបញ្ចប់នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្តអោយមានប្រសិទ្ធភាព និងតម្លាភាព សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ ជាពិសេសការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាខែមីនា ឆ្នាំ២០២២ និងត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា។


ឯកឧត្តម សាយ ណូរ៉ា គូសបញ្ជាក់ទៀថា ក្នុងនាមជាអាជ្ញាកណ្តាល-ចៅក្រម ការដាក់ពិន្ទុ រីវិនិច្ឆ័យលទ្ធផលគឺជារឿងដ៏សំខាន់ ដែលអាចជះឥទ្ធិពលមិនល្អដល់អត្តលិក ។ ឯកឧត្តម ពន្យល់ថា ប្រសិនបើអាជ្ញាកណ្តាល-ចៅក្រម កាត់សេចក្តីខុសនៅក្នុងការប្រកួត នោះវាអាចធ្វើអោយកីឡាករ កីឡាការិនីមានការអាក់អន់ស្រពន់ចិត្ត គ្មានអារម្មណ៍ចង់ប្រកួត ហើយអាចឈានដល់ការបោះបង់អាជីពជាកីឡាករ កីឡាការិនីទៀតក៏អាចថាបាន ។ ដូច្នេះដើម្បីអោយវិស័យកីឡា ការ៉ាតនៅកម្ពុជា មានការរីកចម្រើន ការចូលរួមកាត់សេចក្តីពីសំណាក់ធនធានអាជ្ញាកណ្តាល-ចៅក្រម គឺពិតជាមានសារៈសំខាន់ណាស់ បើយើងមានកីឡាករសក្តានុពល តែគ្មានអាជ្ញាកណ្តាល-ចៅក្រម ដែលគុណភាពនោះទេ យើងក៏មិនអាចឈានទៅកម្រិតដែលអាចប្រកួតប្រជែងជាមួយអន្តរជាតិបានឡើយ ។


បើតាមរបាយការណ៍របស់ លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបង្ហាញឲ្យឃើញថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាលចៅក្រមការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១នេះ សិក្ខាកាមមានការចេះដឹងច្បាស់លាស់ល្អ មានការវិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកបរិមាណ និងគុណភាព ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទន។
លទ្ធផលនៃការរៀនវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាលចៅក្រមការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១ថ្ងៃនេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងទេពកោសល្យរបស់សិក្ខាកាម ដែលជាអាជ្ញាកណ្ដាល-ចៅក្រម ដែលបានធ្វើការហ្វឹកហាត់រៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាការ៉ាតថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះបានដំណើរការរយៈពេល៣ថ្ងៃ (០៤-០៦ ខែកុម្ភៈ ឆ្នាំ២០២២) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាមចំនួន២៥នាក់ (នារី១២នាក់) មកពីសាលាគុន សមាគម និងក្លិបចំនួន៩ ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេស អ្នកគ្រូ ថា ថារី អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេអាស៊ីកម្រិត A និងគ្រូជំនួយ លោក ថាំង វិបុល លោកគ្រូ យ៉េក លីអេង ដែលជាអាជ្ញាកណ្តាល-ចៅក្រម ការ៉ាតេអាស៊ី កម្រិត B ផងដែរ។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺសិក្ខាកាមចំនួន១៧នាក់ ទទួលបាននិទ្ទេសល្អ និង៤នាក់ ល្អបង្គួរ និង៤នាក់ទៀត ទទួលបាននិទ្ទេសមធ្យម៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner