សម្ដេចតេជោ អញ្ជើញសម្ពោធផ្លូវជាតិលេខ៧ ប្រវែងជិត ៩៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលខ្លាស្ទុះសង្កាត់អូរឬស្សី ក្រុងក្រចេះ ដល់ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ៖ កំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងជិត ៩៤គីឡូម៉ែត្រ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ធ្លាប់បានសាងសង់ម្តងរួចហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

ឯកឧត្តម បន្តថា កំណាត់ផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កំណាតផ្លូវប្រវែង ៣៩.៣៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងកំណាត់ផ្លូវប្រវែង ៥៤.២១គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ។ ទទឹងតួផ្លូវមានប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។ គម្រោងនេះ បានក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់សរុប ៤០សង់ទីម៉ែត្រ ជួសជុលស្ពានចំនួន ៨កន្លែង ប្រវែងសរុប ៥៧៧,៣២ម៉ែត្រ (ស្ពានធំ ៣កន្លែង ប្រវែង ៣៦៨,១២ម៉ែត្រ, ស្ពានមធ្យម ៣កន្លែង ប្រវែង១៥០,១២ម៉ែត្រ, ស្ពានខ្លី ២កន្លែង ប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន ១៣៩កន្លែង (លូមូល ៧២កន្លែង លូប្រអប់ ៣កន្លែង និងលូមានគម្រប ៦៤កន្លែង) សាងសង់ប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវ ព្រមទាំងការងារបំពាក់ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលភ្លើងបំភ្លឺ។

គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានចំណាយថវិកាអស់ ៣៣.៣៧លានដុល្លារអាមេរិក។

ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងនូវការអបអរអរសាទរចំពោះសមិទ្ធផលនៃកំណាត់ផ្លូវជាតិលេខ៧នេះ។ ឯកឧត្តមបន្តថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើរយៈពេលសាងសង់ចំនួន ២៤ខែ។ សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបាន អញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧នាពេលនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ

ទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខែអំឡុងមីនា ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរចំពោះក្មួយៗ ចៅៗសិស្សនិន្ទេស A ទាំងអស់ ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលឆ្នាំនេះ មានសិស្សនិន្ទេស A ជាងជិត២ពាន់នាក់។ សម្តេចថ្លែងថា ទោះបីជាមានការសិក្សាតាមប្រព័ន្ធអនឡាញយ៉ាងណាក៏ដោយក៏ក្មួយៗ ចៅៗ បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អជាច្រើននាក់។ សម្តេចបានថ្លែងទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ សម្តេចនឹងជួបជាមួយក្មួយៗ ចៅៗ សិស្សនិន្ទេស A ជាង១ពាន់នាក់នៅភ្នំពេញ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ចៅៗទាំងអស់។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។ ទាក់ទងទៅនឹងការនាំចេញផលិតផលកម្ពុជាទៅទៅផ្សារចិន សម្តេចតេជោបានថ្លែងថា ចិន បានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទិីផ្សាររបស់ប្រទេសចិន ដែលជាការបើកទីផ្សារកាន់តែធំមួយនាពេលខាងមុខនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ ។ ហើយទាក់ទងទៅនឹងបញ្ហានៃជំងឺ Covid-19 នោះ សម្តេចតេជោបានថ្លែងថា រយៈពេល ៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងបន្តចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញនេះ មានការដោះ លែងសាស្រ្តាចារ្យ អូស្រ្តាលីម្នាក់ បន្ទាប់ពីសម្តេចស្នើសុំទៅកាន់ លោក មិញ អ៊ុងឡាំង ហើយលោកថា នឹងយកទៅពិចារណា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាចង់ឱ្យខ្ញុំទៅមីយ៉ាន់មួយថ្ងៃ អាចធ្វើទៅបានឬអី បើសង្គ្រាមគ្រប់គ្រងដោយយោធាជាង ៧០ឆ្នាំហើយនោះ ប្រទេសកម្ពុជាអីលូវអត់មាន ស ខ្មៅ ក្រហម ខៀវ អីទេ វិធីសាស្រ្តរបស់ខ្ញុំ អាចធ្វើការវិនិឆ្ច័យខុស សូមអ្នកឯងធ្វើបន្តទៅទៀតចុះ ខ្ញុំចង់សួរតែមួយម៉ាត់ទេ តើអ្នកឯងអាចផ្តូលរំលំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទេ? សម្ដេចបានបញ្ជាក់ទៀតថា ខ្ញុំប្រឹងប្រែងអស់ហើយ ខ្ញុំក៏មិនបោះបង់ចោលដែរ កុងសង់ស៊ីស ៥ ចំណុចត្រូវតែធ្វើ ករណីនៅមីយ៉ាន់ម៉ា ម្សិលមិញបានដោះលែងសាស្រ្តាចារ្យអូស្រ្តាលី ហើយខ្ញុំបានស្នើសុំទៅកាន់ មិញ អ៊ុងឡាំង ឱ្យដោះលែងអ្នកទោស ហើយគាត់ថា ហ្នឹងយកទៅពិចារណា ក្រោយពេលដែលសាស្រ្តាចារ្យរូបនេះ ចាកចេញពីមីយ៉ាន់ម៉ាទៅ ដល់ប្រទេសខ្លួនវិញ អរគុណខ្ញុំក៏បាន ប្រមាថខ្ញុំក៏បានតែខ្ញុំបានធ្វើការងារហ្នឹងហើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្តេច និង លោក ជែម សុខ បានទាក់ទងគ្នា តែ ជែមសុខ កុំជ្រុលហួស រហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជា និងអាមេរិក លោកកាន់កាំភ្លើង ឱ្យអាមេរិក ដើម្បីវ៉ៃកម្ពុជា ដែលសំដីនេះ មានការប្រតិកម្មទាំងខ្មែរ និង ក្រៅស្រុកតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ញុះហ្នឹងញុះឱ្យខ្ញុំជេរ ព្រោះក្នុងទំនាក់ទំនងខ្ញុំ ជាមួយគាត់ច្បាស់ណាស់ថា លោកធ្លាប់ថា ខ្ញុំជាផ្កាយព្រឹក កាលណាលោកបងមិនពេញចិត្តហៅខ្ញុំទៅធាក់ប៉ុន្មានជើងទៅ គាត់បញ្ជូនស្អីៗមកឱ្យខ្ញុំ ហើយខ្ញុំក៏បញ្ជូនទៅឱ្យគាត់ ។ សម្ដេចថា ខ្ញុំ និងជេមសុខ ទាក់ទងគ្នា តែកុំទៅជ្រុលហួស រហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជានិងអាមេរិក គាត់កាន់កាំភ្លើងឱ្យអាមេរិកដើម្បីវ៉ៃកម្ពុជា សំដីនេះ ប្រតិកម្មទាំងខ្មែរ និង ក្រៅស្រុកតែម្តង ខ្ញុំសូមជូនពរឱ្យ ជំងឺរបស់ប្អូន បានឆាប់ជាអាជំងឺប្អូនដែលទើបវះកាត់ពោះវៀននោះ។

សម្ដេចតេជោក៏បានអបអរសាទរចំពោះសមិទ្ធផលកំណាត់ផ្លូវជាតិលេខ ៧នាថ្ងៃនេះ និងអរគុណចំពោះមិត្តចិនដែលតែងតែជួយកម្ពុជាជាបន្តបន្ទាប់ និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងនៅទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន។ មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាន វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង៩៣.៥៦គីឡូម៉ែត្រ ចាប់ពីពេលនេះតទៅ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner