Cambodia2050 Ep32: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ (វគ្គ២ បញ្ចប់)

សំនួរ៖ ទាក់ទងនឹងសកម្មភាពជាក់ស្ដែង តើរដ្ឋាភិបាលកម្ពុជាបានធ្វើអ្វីខ្លះកន្លងមក ហើយគោលដៅនៅថ្ងៃបន្តទៀត? ការរងគ្រោះរបស់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើង ថាតើមានទំហំការខាតបង់ដោយសារការប្រែប្រួលអាកាសធាតុនេះមានទំហំប៉ុន្មាន? បើយើងមិនអាចរួមគ្នាក្នុងការទប់ស្កាត់ នឹងធ្វើឲ្យមានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងក៏ដូចជាការសម្របខ្លួននោះ ថាតើជីវិតមនុស្សសត្វលោកយើងវានឹងជួបវិបត្តិអ្វីខ្លះដែរ?

យើងឃើញថាតាមការសិក្សាថ្មីៗនេះ ជាពិសេសគឺរបាយការណ៍ក្រុមអន្តររដ្ឋាភិបាលបានវាយតម្លៃអំពីផងប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកទី 6 នេះបានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានតែកំពុងតែកើនឡើងនឹងកើតឡើងធ្ងន់ធ្ងរ ដែលទាមទារឲ្យយើងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ននេះគេលេងហៅថាជា ការប្រែប្រួលអាកាសធាតុទៀតហើយ គេហៅថាជា វិបត្តិអាកាសធាតុវិញ មានន័យថា យើងត្រូវតែរកវិធានការដោះស្រាយជាបន្ទាន់ទៅលើវិបត្តិអាកាសធាតុនេះ។ យើងមិនបានចាំពីតួលេងសកលថា ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ ប៉ះពាល់ទៅដល់ទំហំសេដ្ឋកិច្ចប៉ុណ្ណា ប៉ុន្តែខ្ញុំបាទ សូមលើកបង្ហាញអំពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេសកម្ពុជាវិញ។យើងឃើញថា តាមការសិក្សារបស់ក្រសួងបរិស្ថានដែលសហការជាមួយ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កាលពីឆ្នាំ 2019 ការប្រែប្រួលអាកាសធាតុបានរងផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសបើគិតជាទឹកប្រាក់ប្រហែលជាង 500 លានដុល្លារ ហើយបើគិតជាផលប៉ះពាល់ទៅលើផលទុនសរុបរបស់ជាតិវិញ ប្រហែលជា 2 ភាគរយនៃផលទុនសរុបនៅក្នុងស្រុក។ នេះបង្ហាញថាគឺជាផលប៉ះពាល់មួយធ្ងន់ធ្ងរ ហើយដែជាអម្រែកមួយរបស់រាជរដ្ឋាភិបាល ប្រសិនបើយើងមិនបានចំណាយទៅលើការដោះស្រាយការប្រែប្រួលអាកាសធាតុទេ រដ្ឋាភិបាលអាចទុកថវិកានេះ ដើម្បីប្រើប្រាស់នៅក្នុងគោបំណងអភិវឌ្ឍន៍ផ្សេងៗ ចំណុចនេះយើងមិនទាន់លើកឡើងអំពីការចំណាយរបស់រដ្ឋថាភិបាល ទៅលើការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ផង។

កាបូបផ្សំរវាងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការរីករាលដាលនៃជម្ងឺកូវីដ19 គឺវាធ្វើឱ្យមានផលប៉ះពាល់ទៅលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែទោះជាយ៉ាងណាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល យើងបានព្យាយាមរកយុទ្ធសាស្ត្រ ដើម្បីដោះស្រាយទាំងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាការរីករាលដាលនៃជំងឺកូវីដ19នេះផងដែរ។ ទាក់ទងជាមួយវិធានការ ការដោះស្រាយវិញនៅពេលដែលកម្ពុជាយើងចូលជាសមាជិកនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត កម្ពុជាតែងតែចូលរួមប្រជុំ រួមទាំកិច្ចប្រជុំកំពូលនៃបណ្ដាលភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិជាប្រចាំ។ កិច្ចប្រជុំនេះ ត្រូវបានគេរៀបចំជាប្រចាំឆ្នាំ ហើយកម្ពុជាក៏បានចូលរួមជាប្រចាំដែរ នៅក្នុងការចូលរួមនេះកម្ពុជាបានប្រកាសអំពី ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការងារប្រែប្រួលអាកាសធាតុជាមួយនឹងសហគមន៍អន្តរជាតិ ខ្ញុំបាទសូមលើកឡើងអំពីការចូលរួមថ្មីៗនេះរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងកិច្ចប្រជុំកំពូលនៃបណ្ដើរភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុលើកទី 26 នៅទីក្រុងក្លាស្កូប្រទេសស្កុតឡេ នៅក្នុងចក្រភពអង់គ្លេស។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម រដ្ឋមន្ត្រីក្នុងនាមជាប្រធានប្រតិភូរបស់កម្ពុជា បានឡើងថ្លែងអំពីជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការងារប្រែប្រួលអាកាសធាតុ ក្នុងនោះយើងក៏បានផ្ដល់នៅផែនការសកម្មភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងនោះយើងបានបង្ហាញអំពី ការចូលរួមចំណែកនៅក្នុងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងបានចូលរួមប្រហែលជា 15 ភាគរយនៃប្រភពថាមពលសរុបនៅព្រះរាជាណាចក្រកម្ពុជា។ យើងបានបង្ហាញអំពីការបញ្ឈប់ នូវការសាងសង់ធ្យូងថ្មថ្មី យើងបានបង្ហាញអំពីការបញ្ឈប់ការសាងសង់ថាមពលវារីអគ្គិសនី នៅតាមដងទន្លេមេគង្គ ហើយយើងបានប្ដេជ្ញាចិត្ត ក្នុងការកាត់បន្ថយនៃការបញ្ចេញឧស្ម័ន ពីការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាល នៅត្រឹមឆ្នាំ 2030 ហើយយើងនឹងកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទាំងកញ្ចក់ពីវិស័យព្រៃឈើ មកដល់ត្រឹមសូន្យ នៅត្រឹមឆ្នាំ 2040។ ក្រៅពីនេះយើងបានស្នើសុំឲ្យប្រទេសនៅលើពិភពលោកបង្កើននូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគៀងគរថវិកាឲ្យបាន 100 ពាន់លានដុល្លារ ដើម្បីសម្រាប់ផ្ដល់ទៅប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស អភិវឌ្ឍតិចតួច ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុនេះ ហើយយើងក៏បានស្នើសុំបណ្ដាលប្រទេសនៅលើពិភពលោក ពន្លឿននូវការផ្ទេរបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍន៍ការបន្សំនឹងការប្រែប្រួលអាកាសធាតុ ជំរុញសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។ ហើយយើងឃើញថា ក្រៅពីនេះយើងមានសកម្មភាពជាច្រើន ខ្ញុំសូមលើកឧទាហរណ៍កម្មវិធីមួយ ដែលក្រសួងបរិស្ថានបានអនុវត្តជាច្រើនឆ្នាំមកហើយរហូតមកដល់ពេលនេះគឺជាង១០ឆ្នាំមកហើយ គឺកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កម្មវិធីនេះក្រោមការឧបត្ថម្ភពីអង្គការយូអិនឌីភី សហគមនអ៊ឺរ៉ុប ហើយនឹងប្រទេសស៊ុយអែត។ នៅដំណាក់កាលទីមួយនោះ យើងមានប្រទេសដាណឺម៉ាកមួយទៀត ដែលបានផ្ដល់ការគាំទ្រទៅលើកម្មវិធីនេះដោយសារតែប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ ពីប្រទេសក្រីក្ររហូតទៅជាប្រទេសអភិវឌ្ឍន៍មធ្យមកម្រិតទាប អញ្ចឹងប្រទេសស៊ុយអែតក៏បានផ្លាស់ប្ដូរ ការគាំទ្រជួយកម្ពុជាទៅជួយដល់បណ្ដាប្រទេសផ្សេងៗដែលមានជីវភាពក្រីក្រ មានសេដ្ឋកិច្ចទាបជាងហ្នឹង យើងឃើញថា ក្រៅពីកម្មវិធីនេះយើងមានគម្រោងនិងសកម្មភាពជាច្រើនដែលក្រសួងបរិស្ថាន បានកៀងគរដៃគូ​ ហើយមិនត្រឹមតតែអនុវត្តនៅក្នុងក្រសួងបរិស្ថាននោះទេ គឺបានកៀងគរដៃគូដើម្បីជំរុញការអនុវត្តតាមបណ្ដាក្រសួងពាក់ព័ន្ធផ្សេងៗផងដែរ។ កន្លែងនេះខ្ញុំបាទ សូមបញ្ជាក់ដែលថា យើងបច្ចុប្បន្នមានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ហើយក្រុមប្រឹក្សាជាតិនេះ យើងមានក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់នៅរាជរដ្ឋាភិបាល ដែលបានចូលរួមជាសមាជិក ហើយយើងមានថ្នាក់ដឹកនាំខេត្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមជាសមាជិកផងដែរ ហើយយើងមានសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិនេះ។

កម្ពុជាបានអនុវត្តសកម្មភាពមួយដ៏សំខាន់ គឺគម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ ពីការសឹករិចរិលនឹងការបាត់បង់ព្រៃឈើ ជាគម្រោងមួយដ៏សំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសយើងបានការគាំទ្រពីដៃគូរបស់យើង តាមរយៈការអនុវត្តគម្រោងដែលហៅថា ការអនុវត្តយន្តការឥណទានកាបូនរួម ដែលគាំទ្រដោយប្រទេសជប៉ុន គម្រោងនេះយើងបានអនុវត្តជោគជ័យ នៅក្នុងជំហានទីមួយ ដោយមើលឃើញពីការចូលរួមក៏ដូចជាភាពប្រាកដប្រជារបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីជប៉ុនក៏បានបន្តគាំទ្រនូវជំហានទីពីរ ទៀត កាលពីមុនយើងសាកល្បងត្រឹមតែមួយខែនោះទេ ឥឡូវយើងបានអនុវត្តទៅដល់ខេត្តចំនួនបួនជាពិសេសនៅតំបន់ព្រៃឡង់តែម្ដង។ នេះបានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយក៏បានបង្ហាញពីការគាំទ្ររបស់សហគមន៍អន្តរជាតិទៅលើការងារប្រែប្រួអាកាសធាតុ អញ្ចឹងនេះគឺជាសកម្មភាពមួយចំនួនដែលខ្ញុំបានលើកឡើង ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុ ប៉ុន្តែអ្វីដែលខ្លាំងជាងនេះទៅទៀតយើងឃើញថា ថ្មីៗនេះប្រទេសកម្ពុជាយើង យើងបានទទួលចូលរួមធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបហើយក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី នៅក្នុងសន្ទរកថាបិទ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសការជំរុញការអភិវឌ្ឍន៍បៃតង និងការអភិវឌ្ឍការបញ្ចេញកាបោនតិច ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនេះផងដែរ។ ហើយយើងក៏បានឃើញ នៅក្នុងសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី13នេះ បានផ្ដល់អាទិភាពសំខាន់ទៅលើការងារការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសគឺភាពចាំបាច់នៃភាពកាន់តែកើនឡើង ពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ យើងជំរុញធ្វើយ៉ាងណាឲ្យការកសាងសេដ្ឋកិច្ច ប្រកបដោយភាពធននឹងការប្រែប្រួលអាកាសធាតុ អញ្ចឹងយើងឃើញថា ការយកចិត្តទុកដាក់ទៅលើការងារប្រែប្រួលអាកាសធាតុនេះ គឺយើងចាប់ផ្ដើមចាប់ពីចំណុចមូលដ្ឋានរហូតដល់ចំណុចថ្នាក់ជាតិ ហើយនិងការចូលរួមជាមួយសហគមន៍អន្តរជាតិផងដែរ។

សំនួរ៖ តើរាល់គោលនយោបាយក៏ដូចជាសកម្មភាពជាក់ស្ដែង ជាមួយនឹងប្រជាពលរដ្ឋ និង មន្ត្រីថ្នាក់ក្រោមជាតិកន្លងមកបានធ្វើអ្វីខ្លះ? សូមបណ្ឌិតបកស្រាយ ហើយទិសដៅទៅថ្ងៃអនាគតបែបណា?

ទាក់ទងទៅនឹងចក្ខុវិស័យទៅមុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ចំណុចនេះខ្ញុំបាទសូមករម្លឹកឡើងវិញថា យើងបានរៀបចំរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ហើយគោលដៅរបស់យើងរហូតដល់ឆ្នាំ 2030 យើងក៏បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបោន គោលដៅប្រហែលជាត្រឹម ឆ្នាំ 2050 ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអភិវឌ្ឍន៍ មិនបញ្ចេញកាបោន បានន័យថា ចំពោះចក្ខុវិស័យវែងឆ្ងាយ កម្ពុជាគិតគូរបានច្បាស់លាស់ ថាកម្ពុជាទៅមុខធ្វើយ៉ាងម៉េច ដើម្បីអាចឲ្យយើងចូលរួមដោះស្រាយការងារការប្រែប្រួលអាកាសធាតុ ហើយយើងត្រូវតែគិតចាប់ពីពេលឥឡូវនេះទៅតែម្ដង ហើយយើងក៏បានពង្រឹងនូវកិច្ចសហការ ទំនាក់ទំនងការកៀងគរពីដៃគូទាំងជាតិទាំងអន្តរជាតិ ហើយចំណុចសំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា យើងឃើញថា វិស័យឯកជនគឺមានការចាប់អារម្មណ៍ ហើយបានចូលរួម ហើយនៅឆ្នាំ២០២១នេះ យើងគមានកិច្ចប្រជុំ ស្ដីពី ការប្រែប្រួលអាកាសធាតុកម្ពុជា ដែលវិស័យឯកជនគឺគាត់បានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នេះតែម្ដង។ នេះគឺជាការបង្ហាញថា ការចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ជាការចូលរួមគ្រប់វិស័យគ្រប់អ្នកពាក់ព័ន្ធ កត្តាទាំងនេះគឺជាមូលដ្ឋានមួយដ៏សំខាន់ជាសូចនាករមួយដ៏សំខាន់ថា កម្ពុជាពិតជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយការងារប្រែប្រួលអាកាសធាតុ។

ចំពោះការងារថ្នាក់មូលដ្ឋាន យើងឃើញថា ប្រជាជនគឺមានសារៈសំខាន់ណាស់ ដើម្បីចូលរួមសហការគ្នាក្នុងការដោះស្រាយ។ រាជរដ្ឋាភិបាលបានជំរុញការអភិរក្ស ក៏ដូចជាការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ព្រៃឈើ ក៏ដូចជាការសឹករិចរិលនៃព្រៃឈើ។ ប្រសិនបើប្រជាជនមិនមានជីវភាពធូរធារ ប្រសិនបើប្រជាជនមិនមានជម្រើសជីវភាពផ្សេង ក្នុងការដោះស្រាយជីវភាពរបស់គាត់នោះទេ ជាការពិតគឺគាត់នឹងពឹងផ្អែកទៅលើវិស័យព្រៃឈើនេះហើយ អញ្ចឹងជម្រើសសំខាន់នោះគឺការផ្ដល់ជម្រើសផ្សេងៗ សម្រាប់គាត់ដើម្បីឲ្យគាត់ អាចទទួលបានចំណូល អាចទទួលបានមុខរបរថ្មីដើម្បីបង្កើនចំណូល ក្រៅពីការទៅទន្ទ្រានព្រៃឈើ។ យើងឃើញថាកត្តានេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ លោកបានបង្កើតអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសគឺនៅតំបន់ការពារគឺយើងបានបង្កើតអគ្គសហគមន៍នេះឡើង ដើម្បីផ្ដល់ឱកាសទៅធ្វើការសិក្សាស្រាវជ្រាវវាយតម្លៃ​ ថាតើប្រជាជនគាត់ត្រូវការអ្វី ហើយអ្វីដែលជាបញ្ហាប្រឈមសម្រាប់គាត់ អញ្ចឹងយើងត្រូវជ្រើសរើសផ្ដល់ជម្រើសសម្រាប់ពួកគាត់ដើម្បីឲ្យពួកគាត់ ប្រកបមុខរបរផ្សេងៗ កុំឲ្យគាត់ពឹងផ្អែកទៅលើវិស័យព្រៃឈើនេះតែម្ដង អញ្ចឹងយើងឃើញថា ក្រសួងបរិស្ថានជាពិសេសតាមរយៈអគ្គសហគមន៍មូលដ្ឋាន បានអនុវត្តគម្រោងក៏ដូចជាសកម្មភាពនានា ដើម្បីផ្ដល់ជម្រើសដល់សហគមន៍មូលដ្ឋាន គាត់អាចបង្កើនចំណូលបានដោយមិនពឹងផ្អែកទៅលើចូលព្រៃការកាប់បំផ្លាញព្រៃឈើ។

ជាងហ្នឹងទៀត យើងបានបង្កើតនូវសហគមន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ យើងយកតំបន់ការពាររបស់យើង កែច្នៃតំបន់ការពាររបស់យើងឲ្យទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកចូលរួម។ ចំពោះបុគ្គលិកផ្ដល់សេវាគឺអ្នកដែលធ្លាប់ចូលព្រៃ ប្រជាជននៅក្នុងមូលដ្ឋាន ឱ្យគាត់មកបម្រើការជាអ្នកដល់សេវាទេសចរណ៍ ហើយជាងនេះទៅទៀត ឲ្យគាត់បង្កើតការងារធ្វើតាមរយះអាចលក់នូវវត្ថុអនុស្សាវរីយ៍ ឬក៏លក់ម្ហូបអាហារផ្សេងៗទៅដល់អ្នកទេសចរ។ អញ្ចឹងនេះគឺជាការចូលរួមចំណែករបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយជាមួយនឹងការងារប្រែប្រួលអាកាសធាតុ ក៏ដូចជាការដោះស្រាយជាមួយនឹងបញ្ហាធនធានធម្មជាតិរបស់យើងផងដែរ។ ហើយយើងក៏បានអនុវត្តសកម្មភាពជាច្រើនដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុ ខ្ញុំបាទសូមបញ្ជាក់ថា ប្រជាជនមូលដ្ឋានជាពិសេសតាមរយៈការអនុវត្តគម្រោងប្រែប្រួលអាកាសធាតុ គឺគាត់បានចូលរួមយ៉ាងសកម្ម ហើយគាត់បានពេញចិត្តទៅលើអ្វីដែលរដ្ឋាភិបាលផ្ដល់ឱ្យគាត់ អ្វីដែលរដ្ឋាភិបាលគាំទ្រឲ្យគាត់ ជាពិសេសខ្ញុំផ្ទាល់បានដឹកនាំគម្រោងមួយដែលហៅថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ជនបទ គឺគម្រោងនេះបានបង្ហាញអំពីការចូលរួម និង ការដោះស្រាយការងារប្រែប្រួលអាកាសធាតុ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់ជម្រើសជីវភាពរស់នៅតាមរយៈ ការបង្កើតក្រុមសន្សំ ការបង្កើតក្រុមចិញ្ចឹមសត្វ បង្កើតជាក្រុមបង្កាត់ពូជសត្វជាដើម។

តាមរយៈគម្រោងនេះ ឃើញថាប្រជាជនបានចូលរួមយ៉ាងសកម្ម ហើយគាត់ចង់បន្តនិរន្តរភាពនៃគម្រោងតទៅទៀត ទោះបីជាគម្រោងចប់ប៉ុន្តែពួកគាត់បានរៀបចំនូវក្រុមការងាររបស់គាត់ ដើម្បីឲ្យគាត់អាចបន្តដំណើរការក្រុមដែលមានស្រាប់របស់គាត់ ឲ្យនៅតែដំណើរការ ហើយឱកាសបង្កើនថវិកាសម្រាប់ការចិញ្ចឹមជីវិតរបស់គាត់ តាមរយៈគម្រោងដែលបានផ្ដល់ឱ្យកន្លងមក។ យើងឃើញថា គម្រោងផ្សេងៗទៀតដែលក្រសួងបរិស្ថានបានគាំទ្រ ហើយក៏មានការចូលរួមយ៉ាងសកម្មពីប្រជាជនមូលដ្ឋានផងដែ៕

***********

វាគ្មិន៖ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានការប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner