Cambodia2050 Ep34: តើការអភិវឌ្ឍន៍បៃតង (Green Growth) ជាអ្វី?

សំនួរ៖ នៅក្នុងសប្តាហ៍នេះផងដែរ យើងនឹងលើកយកប្រធានបទនិយាយទាក់ទងទៅ និង ផ្នែកបរិស្ថាន Green Growth ថាតើពាក្យ Green Growth នេះមានអត្ថន័យយ៉ាងណា? ហើយនៅក្នុងនោះផងដែរ ថាតើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា មានស្ថាប័នក្រសួងនានាជាសាមី​នោះ​ នឹងធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍន៍ក៏ដូចជាគាំទ្រទៅលើការអភិវឌ្ឍបៃតងនេះផងដែរ។ ជាដំបូង ខ្ញុំសូមគោរពជូនទៅកាន់វាគ្មិនពិសេសរបស់យើងនៅក្នុងថ្ងៃនេះគឺ ឯកឧត្តម កែវ ពិសិដ្ឋ ដែលជាអនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីហើយក៏ជាទីប្រឹក្សានៃរដ្ឋសភាផងដែរ។ នៅក្នុងថ្ងៃនេះដែលយើងនិយាយទាក់ទងទៅហ្នឹង Green Growth សូមឯកឧត្តមបណ្ឌិតពន្យល់ទៅទស្សនិកជន ថាតើពាក្យថា Green Growth មានអត្ថន័យយ៉ាងណាដែរ?

Green Growth នៅក្នុងន័យកម្ពុជារបស់យើងដែលបកប្រែគឺមានន័យថា ការអភិវឌ្ឍន៍បៃតង។ ហេតុអ្វីបានជាគេត្រូវចាំបាច់ត្រូវការការអភិវឌ្ឍន៍បៃតង ន័យសំខាន់បំផុតគឺយើងចង់ជំរុញការអភិវឌ្ឍមួយដែលមាននិរន្តភាព ហើយឱ្យវាមានសមភាពទៅតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ឬក៏សកម្មភាពអភិវឌ្ឍន៍ទាំងឡាយណា ដែលយើងបានគិតគូរទៅដល់បរិស្ថានដូចជា ទាក់ទងជាមួយនឹងខ្យល់របស់យើង នៅពេលដែលយើងអភិវឌ្ឍន៍ទៅធ្វើឲ្យមាននិរន្តរភាព កុំឱ្យមានការបំពុលខ្យល់ ឧទាហរណ៍ថា នៅពេលដែលយើងអភិវឌ្ឍន៍ខ្លាំងបែរជាមានការបំពុលខ្លាំងធ្វើឲ្យយើងរស់នៅអត់កើត ឬក៏ប្រភពទឹកមានការបំពុលនៅតាមដងទន្លេ នៅពេលដែលយើងមានអភិវឌ្ឍមិនបានគិត យើងនឹងមានការបំពុលទឹកខ្លាំង ទឹកទន្លេខូចអស់ ត្រីក៏ស្លាប់អស់ ឬក៏មានសំរាមពាសពេញហ្នឹង ហើយវានឹងធ្វើឱ្យទៅជាទីក្រុងមួយ ឬក៏តំបន់មួយមិនអាចរស់នៅបាន អញ្ចឹងនៅពេលដែលមានការអភិវឌ្ឍបែបហ្នឹង បើយើងមិនបានគិតគូរវែងឆ្ងាយនោះទេ គឺវាមានផលប៉ះពាល់ អញ្ចឹងយើងចាប់ផ្ដើមនិយាយអំពីការអភិវឌ្ឍន៍ Green Growth គឺជាការអភិវឌ្ឍមួយដែលយើងគិតទៅដល់បរិស្ថាន គិតពីនិរន្តភាព គិតពីសមភាពសេដ្ឋកិច្ចមានន័យថា ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុង ឬនៅក្នុងប្រទេសទាំងមូលនឹងទទួលបានផលប្រយោជន៍ចេញពីការអភិវឌ្ឍហ្នឹង។

សំនួរ៖ ដោយឡែកទាក់ទងទៅនឹងការអភិវឌ្ឍបែបនេះ ថាតើយើងក្រឡែកមកមើលគោលនយោបាយរបស់រាជរដ្ឋាភិបាល ថាតើឯកឧត្តមបណ្ឌិតអាចជម្រាបជូនថាតើមានគោលនយោបាយអ្វីខ្លះសំខាន់ៗដើម្បីអភិវឌ្ឍន៍ទាក់ទងទៅនឹង Green Growth នេះផងដែរ។

ការទាក់ទងជាមួយគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលរបស់យើងតែម្តង យើងគិតមើលទៅការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបានបន្តរយៈពេលជាងមួយទសវត្សរ៍មកហើយ គិតតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 2000។ កាលនោះយើងចាប់ផ្ដើមពិភាក្សាគ្នាទាក់ទងជាមួយនិងការអភិវឌ្ឍន៍ បៃតងនោះ ហើយយើងមានការចូលរួមយ៉ាងសកម្មពីវិទ្យាស្ថានអភិវឌ្ឍបៃតងសកលក៏ដូចជាដៃគូអភិវឌ្ឍ ផ្សេងៗបានជួយដល់ក្រសួងបរិស្ថាន ដែលឥលូវមានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពគឺបានធ្វើការងារ ដើម្បីជំរុញ នៅក្នុងនឹងគឺនៅក្រោមអគ្គលេខាធិការដ្ឋានដែលមាននាយកដ្ឋានមួយហៅថា នាយកដ្ឋានសេដ្ឋកិច្ចបៃតង ហើយបានធ្វើការច្រើនមែនទែននៅពេលកន្លងមក យើងមានផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍបៃតងពីឆ្នាំ 2013 ដល់ឆ្នាំ 2030 ហើយយើងមានផែនទីចង្អុលផ្លូវផងដែរ ក្រៅពីហ្នឹងគឺយើងមានផែនការទាំងអស់នឹងមានភាពបន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្ររយៈពេលយូរអង្វែង ទៅលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយយើងធ្វើឱ្យវាមានកម្រិតសូន្យមានន័យថារយៈពេលយូរអង្វែងនោះនៅឆ្នាំ 2050 គឺយើងមានការបំភាយឧស្ម័នតិចមែនទែន ការចូលរួមយើងគិតគូរអំពីគុណភាពខ្យល់ដូចជាការបំភាយឧស្ម័នផ្ទះកញ្ចក់​ ដែលមានផលប៉ះពាល់ទៅដល់ការចូលរួមចំណែកការបង្កកំណើនកម្ដៅផែនដី យើងព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័ននោះផងដែរ។ យើងមានការភ្ជាប់គ្នាទៅលើវិស័យផ្សេងៗដូចជា វិស័យព្រៃឈើ វិស័យថាមពល វិស័យដឹកជញ្ជូន ក៏ដូចជាទាក់ទងជាមួយនិងវិស័យសំណង់ផងដែរ។ អញ្ចឹងគោលនយោបាយនេះគឺជាគោលនយោបាយធំរបស់ការអភិវឌ្ឍបៃតង ទទឹមនឹងយើងមានជាលក្ខណៈអន្តរវិស័យ។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងអន្តរវិស័យដែល ឯកឧត្តមបណ្ឌិត បានលើកឡើង ថាតើជាអន្តរវិស័យបែបម៉េចដែរ?

ទាក់ទងទៅនឹងអន្តរវិស័យ យើងអាចនិយាយបានថាដូចជា វិស័យថាមពល វិស័យទឹកជញ្ជូន ឬ ការគ្រប់គ្រងកាកសំណល់ទាំងកាកសំណល់រឹង និង កាកសំណល់រាវ ឬក៏ការបង្កើននូវផលិតកម្មនៅក្នុងវិស័យឧស្សាហកម្មជាដើម នេះសុទ្ធតែជាវិស័យមួយចំនួនដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍន៍។ ទាក់ទងជាមួយនឹងវិស័យឧស្សាហកម្មតែម្ដង យើងមើលឃើញថា វិស័យឧស្សាហកម្មយើងមានការពឹងផ្អែកទៅលើវិស័យកាត់ដេរ អញ្ចឹងយើងមានការប្រើប្រាស់ថាមពល បើយើងសង្កេតមើលថាការប្រើប្រាស់ថាមពល តាមការស្រាវជ្រាវគឺអាចកាត់បន្ថយ ការប្រើប្រាស់ថាមពលធៀបជាមួយនឹងបច្ចុប្បន្នគឺមានលទ្ធភាពសន្សំសំចៃថាមពលដល់ទៅ 30% គ្រាន់តែពេលដែលយើងដើម្បីសន្សំការប្រើប្រាស់ថាមពល យើងក៏មានត្រូវការវិនិយោគទៅលើការប្រើប្រាស់បច្ចេកវិទ្យាដែលសន្សំសម្ចៃថាមពល ឬ មួយការប្រើប្រាស់ថាមពលដែលជាប្រភពស្អាតដូចជា ផ្ទាំងសូឡាដែលប្រើពីថាមពលពន្លឺព្រះអាទិត្យ ដែលជួយចូលរួមចំណែកដល់ការសន្សំសម្ចៃថាមពល ទាក់ទងមួយទៀតទៅនឹងការការគ្រប់គ្រងសំរាមផងដែរ កាកសំណល់រឹងកាកសំណល់រាវដែលចេញពីប្រភពរោងចក្រ យើងនៅតែមានការងារដែលអាចធ្វើបានជាច្រើនទាក់ទងទៅនឹងកាកសំណល់រឹងរបស់យើង នៅពេលដែលយើងមិនបានបែងចែកសំរាមឲ្យបានស្រួលបួល យើងយកទៅដាក់ទាំងអស់ទៅចូលក្នុងធុងតែមួយ យើងឃើញថាវាមានសំរាមច្រើនមែនទែន ប្រសិនបើយើងមានការបែងចែកសំរាមស្រួលបួល តាំងពីរោងចក្រព្រមទាំងនៅតាមផ្ទះនីមួយៗឲ្យបានស្រួលបួល បរិមាណសំរាមដែលយើងចាក់ចូលទៅក្នុងកន្លែងចាក់សំរាមនោះ វាមានកម្រិតទាបមួយទៀតគឺយើងអាចប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការដុតសំរាម យើងដុតសំរាមហើយយើងអាចបំលែងសំរាមទៅជាថាមពលបានទៀត អញ្ចឹងកំទេចសំរាមនោះវាកាន់តែតិច ហើយយើងអាចប្រើថាមពលនោះដែលចេញពីប្រភពនៃសំរាមនោះបានថែមទៀត ហើយសំរាមខ្លះយើងចាក់មិនបានគិតយើងយកសំរាមទៅដាក់ទៅ ហើយវាមានសារធាតុពុលនិងមានការលេចធ្លាយហើយសំរាមនោះ នឹងអាចចូលទៅបំពុលដល់ការបំភាយឧស្ម័នទៅលើបរិយាកាស។ ទីពីរគឺប៉ះពាល់ដល់សត្វ ដែលវាជ្រាបចូលទៅដល់ប្រភពទឹកក្រោមដី អញ្ចឹងនៅពេលដែលយើងគិតអំពីការអភិវឌ្ឍបៃតង គឺយើងគិតគ្រប់ជ្រុងជ្រោយទៅលើវិស័យមួយហ្នឹងតែម្ដង ធ្វើផែនការស្រួលបួលមានការព្យាយាមអនុវត្តផែនការសកម្មភាពណាមួយ ដែលចូលរួមដល់ការកាត់បន្ថយការបំពុលទៅដល់បរិស្ថាន តាមដែលអាចធ្វើទៅបានដូចអ្វីដែលខ្ញុំបានលើកឡើងមកហើយ ទាក់ទងជាមួយនឹងខ្យល់ ទឹក ទាក់ទងជាមួយនឹងដី រួមទាំងព្រៃឈើក៏ដូចគ្នាដែរ។

យើងការពារអភិរក្សព្រៃឈើចូលរួមនៅការដាំដុះព្រៃឈើឡើងវិញជាដើម ហើយសកម្មភាពនោះវាបានច្រើន ទន្ទឹមហ្នឹងវាក៏បានចូលរួមចំណែកទៅដល់ការផ្ដល់ការងារផងដែរ តាមរយៈការស្រាវជ្រាវរបស់វិទ្យាស្ថានអភិវឌ្ឍបៃតងសកល បានបង្ហាញថា បើយើងអនុវត្តទៅតាមវិធីសាស្រ្តក្នុងការអភិវឌ្ឍបៃតងគឺគិតទៅដល់ឆ្នាំ 2030 វិញគឺកម្ពុជាយើងអាចផ្ដល់ការងារនៅក្នុងវិស័យនិងដល់ទៅ 50 ម៉ឺននាក់ ហើយទាក់ទងទៅនឹងកំណើនសេដ្ឋកិច្ចដំបូងការវិនិយោគហ្នឹងវាច្រើន ក៏ប៉ុន្តែរយៈពេលយូរនិងអាច មានកំណើនសេដ្ឋកិច្ចច្រើនជាង 6 ដង នៅពេលដែលយើងអនុវត្តតាមការអភិវឌ្ឍបែបបៃតង។

សំនួរ៖ នៅក្នុងការអភិវឌ្ឍបៃតងនេះ យើងក្រឡែកមកមើលនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ តើប្រទេសកម្ពុជាយើងអាចថានៅក្នុងលំដាប់ថ្នាក់យ៉ាងណាដែរ ទាក់ទងទៅនឹងការអភិវឌ្ឍន៍បៃតងនេះ?

ចំពោះការអភិវឌ្ឍបៃតងសម្រាប់ប្រទេសកម្ពុជាយើង នៅក្នុងដំណាក់កាលមួយទៅដំណាក់កាលមួយមានភាពល្អដែលបើយើងធៀបជាមួយនឹងប្រទេសនៅក្នុងអាស៊ី ដោយសារយើងគិតអំពីមូលដ្ឋាន ទាក់ទងជាមួយនឹងគោលនយោបាយទាក់ទងជាមួយនឹងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ គឺរដ្ឋាភិបាលយើងមានផែនការជាច្រើន យើងមានការសិក្សាស្រាវជ្រាវ យើងមានការរៀបចំច្រើន ហើយមួយទៀតអត្ថប្រយោជន៍របស់ប្រទេសយើងគឺយើងកំពុងតែអភិវឌ្ឍ អញ្ចឹងអត្ថប្រយោជន៍របស់យើងគឺមានការអភិវឌ្ឍក្រោយគេបន្តិច ហើយនៅពេលដែលយើងមកក្រោយគេនឹងអភិវឌ្ឍក្រោយគេ យើងបានរៀនសូត្របានច្រើនអំពីបទពិសោធន៍របស់ប្រទេសផ្សេងៗនៅលើសកលលោក ទាក់ទងទៅនឹងការអភិវឌ្ឍទីក្រុងដែលយើងមានការសាកល្បងនៅក្នុងការអភិវឌ្ឍទីក្រុងមួយ ដែលមានលក្ខណៈបៃតងហើយយើងសង្កេតឃើញមានទីក្រុងយើងមួយចំនួនដូចជានៅខេត្តក្រុងព្រះសីហនុ យើងបានទទួលពានអាស៊ានទាក់ទងជាមួយនឹងការអភិវឌ្ឍដោយចីរភាព។ បើយើងពិនិត្យមើលទៅលើប្រទេសកម្ពុជាយើងទាំងមូលគឺយើងព្យាយាមតម្រង់ទិស គោលនយោបាយ ព្រមទាំងស្ថាប័នជាមួយនឹងពាក់អ្នកពាក់ព័ន្ធទូទៅគឺ យើងព្យាយាមដើរទៅរកទិសនៅក្នុងការអភិវឌ្ឍមួយតែមានលក្ខណៈបៃតង បើទោះបីជាការអភិវឌ្ឍន៍នេះមានការជួបបញ្ហាប្រឈមជាច្រើនក៏ដោយទាក់ទងជាមួយនិងធនធានហិរញ្ញវត្ថុ ការវិនិយោគ ទាក់ទងជាមួយនឹងបច្ចេកវិទ្យា ទាក់ទងជាមួយនឹងទស្សនៈ ឬក៏ឥរិយាបថរបស់សាធារណជន។ ចំពោះការគ្រប់គ្រងសំរាមជាមួយនឹងការប្រើប្រាស់ធនធានការប្រើប្រាស់អគ្គិសនី ទាក់ទងជាមួយនិងការអភិរក្សធនធានធម្មជាតិជីវៈចម្រុះ យើងនៅមានកម្រិតក៏ដោយ ក៏ប៉ុន្តែយើងហាក់បីដូចជាសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ យើងមានការប្រែប្រួលឥរិយាបថរបស់យើងទៅរកសកម្មភាពមួយ ដែលមានការអភិវឌ្ឍជាលក្ខណៈបៃតង គិតគូរអំពីបរិស្ថានគិតអំពីនិរន្តភាពវិសមភាពនៅក្នុងសង្គមច្រើនផងដែរ។

សំនួរ៖ នៅក្នុងការអភិវឌ្ឍបៃតងនេះ នៅលើពិភពលោកយើង តើប្រទេសណាដែលមានការអភិវឌ្ឍបានល្អជាងគេ ឯកឧត្តមបណ្ឌិតអាចបកស្រាយបញ្ជាក់បានដែរឬទេ?

យើងឃើញថាមានប្រទេសជាច្រើនផងដែរ ទាំងនៅប៉ែកអឺរ៉ុបទាំងនៅប៉ែកអាស៊ីយើង ដូចជានៅខាងជប៉ុន កូរ៉េ ជាប្រទេសដែលមានការគ្រប់គ្រងសំរាមបានល្អនៅពេលដែលខ្ញុំធ្វើទស្សនកិច្ចទៅកូរ៉េ ទៅជប៉ុន អ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៍បានឃើញនោះគឺ ការគ្រប់គ្រងសំរាម ពេលខ្លះគេរកតែបរិមាណ សំរាមដែលយកទៅដុតបញ្ចូលទៅក្នុងឡឧស្ម័នរបស់គាត់ហ្នឹងសឹងតែគ្មានផង ដោយសារតែការគ្រប់គ្រងគឺគាត់មានការបែងចែកសំរាមច្រើន ហើយមានភាពច្បាស់លាស់ ហើយនេះគឺជាការចូលរួមពីប្រជាជនរបស់គេ ពីសាធារណៈជនរបស់ខ្លាំង រួមទាំងចំណេះដឹងរបស់ប្រជាពលរដ្ឋផង ក៏ដូចជាការអនុវត្តច្បាប់ទាក់ទងជាមួយនឹងការគ្រប់គ្រងសំរាមនោះក៏តឹងដែរគឺ គេតម្រូវឲ្យប្រជាជនត្រូវតែមានការបែងចែកសំរាមឲ្យបានស្រួលបួល ប្រសិនបើមិនមានការបែងចែកនោះទេគឺ ត្រូវបានគេផាកពិន័យ។ បើនិយាយអំពីអាគារនៅក្នុងការប្រើប្រាស់ថាមពលវិញ អាគារមួយនោះគឺគេមានការប្រើប្រាស់ប្រភពថាមពលបីបួនផ្សេងគ្នា តាំងពីខ្យល់ផង ពីពន្លឺព្រះអាទិត្យថាមពលសូឡា ពីកំដៅភពផែនដីផង អញ្ចឹងមួយអាគារហ្នឹងប្រើប្រភពថាមពលពីភពផូស៊ីលនោះតិចបំផុត នេះគឺជាបទពិសោធន៍សម្រាប់ប្រទេសកម្ពុជាយើង អាចរៀនបានហើយយើងទៅរៀនហើយយើងមានទទួលការទស្សនកិច្ចសិក្សាជាច្រើន ដែលយើងបានទៅរៀនសូត្រពីប្រទេសជាច្រើនហើយយើងបានធ្វើការងារជាមួយនឹងដៃគូជាច្រើន។ យើងសង្កេតឃើញថា ដៃគូជាច្រើនបានចូលរួមជួយឧទាហរណ៍ដូចជា កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNDP គម្រោងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល ហើយយើងមានដៃគូច្រើនដែលរដ្ឋាភិបាលបានធ្វើ។ យើងសង្កេតឃើញថា វិស័យឯកជនក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការផ្ដល់នូវបច្ចេកវិទ្យាថ្មីៗសំរាប់ការអភិវឌ្ឍ យើងសង្កេតឃើញតាមផ្លូវខ្លះយើងចាប់ផ្ដើមប្រើសូឡាប្រើសម្រាប់បំភ្លឺនៅតាមផ្លូវសាធារណៈជាដើម។

សំនួរ៖ ទាក់ទងទៅនិងសកម្មភាពជាក់ស្ដែង ដែលកម្ពុជាយើងបានធ្វើកន្លងមក ដើម្បីធ្វើការគាំទ្រការអភិវឌ្ឍបៃតង ហើយហ្នឹងទៅក្នុងពេលអនាគតនេះផងដែរ ទាក់ទងទៅនឹងសកម្មភាពជាក់ស្ដែងដែលយើងនឹងធ្វើតែងតែម្ដង?

បើយើងនិយាយអំពីទាក់ទងទៅនិងសកម្មភាពជាក់ស្ដែងគឺ យើងមានការធ្វើការអនុវត្តសាកល្បងនូវគម្រោងទីក្រុងស្អាតនៅខាងខេត្តបាត់ដំបង ខាងខេត្តសៀមរាប ទីក្រុងភ្នំពេញ ហើយថ្មីៗនេះក្រសួងបរិស្ថានមានការសហការជាមួយនឹងក្រសួងស្ថាប័នសាធារណៈ មានការជំរុញនូវការប្រើប្រាស់យានយន្តបែបអេឡិចត្រូនិច អញ្ចឹងការបំភាយឧស្ម័នចេញពីប្រភពនៃការប្រើឧស្ម័នធ្យូងថ្មមានការកាត់បន្ថយ នៅពេលដែលយើងប្រើប្រាស់យានយន្តដែលមានប្រភពថាមពលស្អាត ហើយយើងក៏បានព្យាយាមជំរុញនូវការគ្រប់គ្រងសំរាមហើយយើងបានធ្វើព្យាយាមធ្វើជាច្រើន និង សហការជាមួយខាងប្រទេសជប៉ុន ខាងប្រទេសកូរ៉េ។ យើងឃើញថា រាជរដ្ឋាភិបាលបានជំរុញច្រើននៅសកម្មភាពជាច្រើនទាក់ទងជាមួយនឹងការគ្រប់គ្រងព្រៃឈើ មានអត្រានៃការបាត់បង់ព្រៃឈើមានភាពស្ថិតស្ថេរ ព្រមទាំងមានការស្ដារឡើងវិញ ព្យាយាមការដាំដើមឈើឡើងវិញ។ នៅក្នុងឯកសារយុទ្ធសាស្ត្រថ្មីៗ ដើម្បីសម្រេចបាននូវកម្រិតអធ្យាក្រឹតកាបោននោះគឺ រដ្ឋាភិបាលយកវិស័យព្រៃឈើ ជាវិស័យទីមួយជាអាទិភាពដើម្បីយើងសម្រេចបាននូវផែនការរយៈពេលវែង ដើម្បីព្យាយាមយ៉ាងណាកាត់បន្ថយនូវការបំភាយឧស្ម័នចេញពីវិស័យព្រៃឈើ កុំឱ្យមានការបំភាយនៅត្រឹមឆ្នាំ 2030 អញ្ចឹងយើងសង្កេតឃើញថារដ្ឋាភិបាលបានប្រឹងប្រែង ហើយដៃគូរអភិវឌ្ឍន៍បានចូលរួមចំណែកជាច្រើន ហើយសាធារណៈជនក៏បានចូលរួមផងដែរ។ យើងសង្កេតឃើញកម្ពុជាយើង បានលក់កាបោនទៅដល់ទីផ្សារអន្តរជាតិនោះគឺជាសកម្មភាពមួយ ទាក់ទងទៅនឹងការអភិរក្សព្រៃឈើ ដែលយើងចូលរួមចំណែកទប់ស្កាត់ការបំភាយឧស្ម័នពីវិស័យព្រៃឈើ ហើយយើងអាចលក់ឧស្ម័នហ្នឹងព្រមទាំងបានថវិកាចូលមុខឲឲជាតិយើងផងដែរ អញ្ចឹងយើងមានសកម្មភាពជាច្រើនដែលយើងអាចពិនិត្យមើលជាកម្មមួយវិជ្ជមាន សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕

***********

វាគ្មិន៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាទីប្រឹក្សានៃរដ្ឋសភាកម្ពុជា

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner