មន្រ្តីក្រសួងបរិស្ថាន៖ ការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារយៈពេល៦ឆ្នាំ នឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍

ភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថានថ្លែងថា ការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារយៈពេល៦ឆ្នាំ នឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ ពិសេសថែមទាំងបានជួយដល់កិច្ចការពារធនធានធម្មជាតិកម្ពុជាឱ្យគង់វង្សយូរអង្វែងទៅថ្ងៃខាងមុខផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដែលបានរៀបចំឡើងនាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ែ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឃិន ម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានមានប្រសាសន៍ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានទទួលពីហិរញ្ញទានឥណទានជា កញ្ចប់ថវិកាសរុបចំនួន ៥៧.៥៨លានដុល្លារ ដោយត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។ សម្រាប់កញ្ចប់ថវិកាទាំងនោះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលពីភាគីពាក់ពាក់ព័ន្ធមួយចំនួនដូចជា ថវិកាហិរញ្ញប្បទាន ឥណទានពីធនធាគារពិភពលោកចំនួន៥០.៦០លានដុល្លារ  ថវិកាពីមូលនិធិបរិស្ថានសកល ដែលជាថវិកាជំនួយមានចំនួន៤.៤២លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលមានចំនួន២,៥លានដុល្លារ ។ លោកបន្តថា គម្រោងមួយនេះ មានវិសាលភាពអនុវត្តន៍លើខេត្តចំនួន៧រួមមាន ខេត្តនៅជុំវិញបឹងទន្លេសាប និងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដែលគ្រប់ដណ្តប់លើតំបន់ការពារធនធានធម្មជាតិចំនួន១៤ និងដែនទេសសភាពចំនួន២ គឺជុំវិញបឹងទន្លេសាប និងជួរភ្នំក្រវ៉ាញ។ លោកបន្ថែមថា ចំពោះការអនុវត្តជាទិភាពគឺក្រសួងបានពន្លឿននៃការរៀបចំកំណត់តំបន់គ្រប់គ្រង ធ្វើផែនការគ្រប់គ្រង  ពង្រឹងការអនុវត្តច្បាប់ ការចុះបញ្ជីដីធ្លី និងទី២ការរៀបចំតម្លើងព័ត៌មានគ្រប់គ្រងដើម្បីធ្វើសេចក្តីសម្រេចចិត្ត។ក្រៅពីនេះចំពោះការងារអនុផលព្រៃឈើវិញយើងបានរៀបចំសហគមន៍រួចហើយ មានរចនាសម្ព័ន្ធគ្រង់គ្រងរួចហើយ យើងបានបណ្តុះបណ្តាលនិងធនធានដល់ប្រជាសហគមន៍ដល់គាត់ និងសហគមន៍ខ្លះកំពុងដំណើរការដូចជាករណីគ្រំចំពុះទា កំពុងដំណើរការរួចហើយក្នុងនេះគ្រំចំពុះទាបានចែកចាយលក់ក្នុងប្រទេសជាដើម។ ចំពោះការងារចិញ្ចឹមជ្រូក និងការដាំក្រវ៉ាញក៏កំពុងដំណើរការហើយរំពឹងថានឹងទទួលនូវលទ្ធផលឆាប់ៗខាងមុខ។

លោកបញ្ជាក់ទៀតថា ចំពោះការងារអេកូទេសចរណ៍ក្រសួងបានរៀបចំរួចហើយ ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បានជួយគាំទ្រការអនុវត្តតំបន់ទេសចរណ៍ និង ព្រមទាំងវិនិយោគសប្បទានលើវិស័យ ទេសចរណ៍ក្នុងនេះដូចជាការអនុវត្តផ្លូវធ្វើដំណើរ ទីកន្លែងចំណត  កន្លែងបោះតង់ ទឹកស្អាត អនាម័យ កន្លែងម្ហូបអាហារ កន្លែងដើរព្រៃជាដើម។ ប្រធាននាយកដ្ឋានបន្ថែមទៀតថា ក្នុងការអនុវត្តគម្រោងរយៈពេល៦ឆ្នាំនេះរំពឹងថា ការគ្រប់គ្រងធនធានធម្មជាតិនឹងកាន់តែប្រសើរឡើង តាមរយៈយើងអនុវត្តផែនការ អនុវត្តច្បាប់ យើងដាំស្តារឡើងវិញ យើងការពារ ។ក្រៅពីនេះការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ទាំងឯកជន និងសហគមន៍ពិតណាស់នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយកាត់បន្ថយការដាក់សម្ពាធទៅលើការចូលព្រៃកាប់ឈើនិងចាប់សត្វព្រៃ ពីព្រោះថា កាលណាប្រជាជនគ្មានមុខរបរគាត់អាចចូលព្រៃបំផ្លិតបំផ្លាញធនធានធម្មជាតិ។ជាមួយគ្នាការអភិរក្សបានប្រសើរជាងមុន និងក្រៅពីនេះការលើកកម្ពស់នូវខ្សែសង្វាក់ផលិតផលក៏ល្អតាមមកជាមួយដែរ។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីលីន ប្រធានសហគមទេសចរណ៍កម្ពុជាបានសំណូមដល់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍គន្លងបែបថ្មី ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ត្រូវប្រើប្រាស់សក្តានុពល ក្នុងទម្រង់ជាគោលដៅអេកូទេសចរណ៍ដែលក្រសួងបរិស្ថានបានអនុវត្តគម្រោងរយៈពេល៦ឆ្នាំនេះដោយបានផ្តោតទីកលើការវិនិយោគសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់សកម្មភាពនិងសម្បទានអេកូទេសចរណ៍ដែលចាំបាច់និងរួមយុទ្ធសាស្រ្តទីផ្សារ ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលក្នុងក្រមខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner