គណៈកម្មការគ្រប់គ្រងផ្សារកណ្តាល បន្តរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការពារ ខណៈវីរុសបំប្លែងថ្មី អូមីក្រុង បានឆ្លងចូលសហគមន៍

ភ្នំពេញ ៖ អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារកណ្តាល លោក ហៀង លីម៉េង តំណាងឱ្យលោក ហូវ អុិត ប្រធានគណៈកម្មការគ្រប់គ្រងផ្សារកណ្តាល បានបន្តដឹកនាំក្រុមការងារក្រោមឱវាត ចុះធ្វើការផ្សព្វផ្សាយជារៀងរាល់ព្រឹក រាល់ល្ងាច ណែនាំដល់បងប្អូនអាជីវករ និងអតិថិជន ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣ការពារ និង ៣កុំ តាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ហៀង លីម៉េង ក៏បានដឹកនាំកម្លាំងផ្ទាល់យកម៉ាសចែកជូន និងបានណែនាំឱ្យក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកណ្តាល ត្រូវធ្វើអនាម័យឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន និងត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំផងដែរ ។

អនុប្រធានផ្សារកណ្តាល លោក ហៀង លីម៉េង បានប្រាប់ បណ្តាញអប្សរា ព័ត៌មាន (AMS ) ឱ្យដឹងថា ការចុះដឹកនាំកម្លាំងផ្ទាល់ជារៀងរាល់ព្រឹក និងរៀងរាល់ល្ងាចនេះ ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាប្រភេទបំប្លែងថ្មី (អូមីក្រុង) បានឆ្លងក្នុងសហគមន៍កាន់តែច្រើនឡើងគួរឱ្យព្រួយបារម្មណ៍ ។

គួររំលឹកថា អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ (Video Conference) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron) បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជុំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៤,១៣៩នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៩,១៩៦នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner