គ.ជ.ប ត្រៀមខ្លួនជាស្រេច ដើម្បីធានាការរៀបចំការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធីរួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ការអះអាងបែបនេះរបស់ឯកឧត្តមប្រធាន គ.ជ.ប បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ «ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ខាងមុខនេះ។

យោងតាមច្បាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើឡើងរៀងរាល់ ប្រាំឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុ មប្រឹក្សាឃុំ សង្កាត់ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៣១ ស.ស.រ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២។

ដូចមានក្នុងប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានចែកជូនឃើញថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គឺយើងមានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជា-ពលរដ្ឋជាម្ចាស់ឆ្នោត។ ការងារទាំងនោះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់ ៕ ដោយ ៖ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner