នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគ្រោងបំពេញទស្សនកិច្ចកម្ពុជានៅសប្តាហ៍ក្រោយ (Video Inside)
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សន កិច្ចជាផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃនាសប្តាហ៍ក្រោយ។ យោងតាមមន្ត្រីរាជរដ្ឋាភិបាល ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាអាកុប នឹង ធ្វើរវាងពីថ្ងៃទី២៣ដល់២៤កុម្ភៈ។
មន្ត្រីកម្ពុជាដែលរៀបចំដំណើរទស្សនកិច្ចបានថ្លែង ចាត់ទុក ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជានេះ នឹងបង្ហាញអំពីមិត្តភាព, សាមគ្គីភាពនិងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិងម៉ាឡេស៊ី។ មន្ត្រីរាជរដ្ឋាភិបាលបាន ថ្លែងបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជានោះនាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូជាន់ខ្ពស់គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ និងអញ្ជើញចូលក្រាប ថ្វាយបង្គំគាល់ ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី នៅ ក្នុងព្រះបរមរាជវាំង។
ក្នុងដំណើរបំពេញទស្សនកិច្ចដដែលនោះ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិង គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា និងចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងកិច្ចប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី៕