សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យប្រជាជនមកចាក់ វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្ត ទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ-១៩
ភ្នំពេញយោងតាមរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាន និងវាយ តម្លៃនៃគណៈកម្មការ ចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក១៩) បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំង កូវីដ១៩ នៅកម្ពុជា គិតពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ មាន៨៩,៩៣ភាគរយ បើធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់។
ទោះបីជា ការចាក់វ៉ាក់នៅកម្ពុជា មានកំណើនខ្ពស់ក៏ពិតមែន តែក្នុង រយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ អត្រានៃ ការឆ្លង រាលដាលក្នុងសហគមន៍នៃមេរោគថ្មីប្រភេទ “អូមីក្រុង” មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដែលអាច នឹងបង្កជាហានិភ័យសម្រាប់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា, ហានិភ័យដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន ជាពិសេស អ្នកជំងឺកូវីដ-១៩ ដែលមិនបានទទួលការ ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ និងអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយគួបផ្សំផ្សេង ឬដែលមានប្រព័ន្ធការពារខ្លួនខ្សោយ ព្រមទាំងអាចបង្កផល ប៉ះពាល់ដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ ដែលបាននិងកំពុង ដំណើរការទៅដោយរលូននៅកម្ពុជា។
ក្នុងស្ថានភាពនេះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់យន្តការដែលមានពាក់ព័ន្ធនូវវិធានការមួយចំនួន ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ។
សារាចររបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្ត វិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង” ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាល រាជធានី-ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្ត ផ្សព្វផ្សាយអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅតែត្រូវបានចាត់ទុកថាជាវិធានការគន្លឹះសម្រាប់ប្រយុទ្ធនឹងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ហើយ ត្រូវបន្ត ជំរុញឱ្យប្រជាជននៅក្នុងមូលដ្ឋានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូស ជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្តទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ ជីវិតដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនេះ, គណៈកម្មការ ចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស ត្រូវរៀបចំ និងអនុវត្ត ផែនការ ដើម្បីចាប់ផ្តើ ម ចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមកុមារអាយុពី ៥ឆ្នាំ ដល់ ក្រោម ១២ឆ្នាំ ឱ្យបានឆាប់ ព្រមទាំងរៀបចំចាប់ផ្តើម អនុវត្ត យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដល់ក្រុម កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ឱ្យបានឆាប់ ផងដែរ។
សម្ដេច ក៏បានណែនាំដល់យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវ ឱសថ ដែល មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំង កម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបាន ទាន់ ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់ និង ចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ និងទូលំទូលាយ ក្នុង តម្លៃសមរម្យ ដល់សាធារណជន។ ទន្ទឹមនេះ, យន្តការដែលមានការ ពាក់ព័ន្ធ ត្រូវរៀបចំឱ្យមាននូវការណែនាំ ច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានា បាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថទាំងនោះ ។
សូមជម្រាបថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន ១៤នាក់ និងឆ្លងក្នុងសហគមន៍ ៤៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨០នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។
បើគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.៦៣៣នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់ ៕ ដោយ៖ វណ្ណលុក