អាជ្ញាធរ​រក​ឃើញ​សាច់​គោ និង​ស្បែក​ជ្រូក​វេច​ខ្ចប់​រាប់​តោន​​មាន​ផ្ទុក​វីរុស​កូ​វី​ដ

អាជ្ញាធរ​ហុងកុង​បាន​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​នៅ​ក្នុង​សំណាក​សាច់​គោ និង​ស្បែក​ជ្រូក​នាំ​ចូល​ពី​បរទេស​។ នេះ​បើ​យោង​ប្រភព​ពី Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​មជ្ឈមណ្ឌល​សម្រាប់​សុវត្ថិភាព​ចំណីអាហារ (CFS) ទៅ​លើ​សាច់​គោ​កក​នាំ​ចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​ចំនួន ១,១០០​កេស​ដែល​មាន​ទម្ងន់ ២៩​តោន រួម​និង​ស្បែក​ជ្រូក​កក​នាំ​ចូល​ពី​ប្រទេស​ប៉ូ​ឡូញ​ចំនួន ៣០០​កេស​ដែល​មាន​ទម្ងន់ ៧​តោន ដែល​នាំ​ចូល​មក​ដល់​ហុងកុង​តាម​ផ្លូវទឹក​។ ស្រប​ពេល​អាជ្ញាធរ​បាន​កំពុង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​រលក​ថ្មី​នៃ​ការ​ឆ្លង​កាន់តែ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។

កន្លង​មក អាជ្ញាធរ​ហុងកុង​ធ្លាប់​បាន​និយាយ​ថា កូ​វី​ដ​-១៩ ឆ្លង​ភាគច្រើន​តាម​រយៈ​ដំណក់ទឹក ហើយ​មិន​អាច​កើនឡើង​នៅ​ក្នុង​ម្ហូបអាហារ ឬ​ការ​វេច​ខ្ចប់​អាហារ​នោះ​ទេ​។ ហើយ​ទំនងជា​មិន​អាច​ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​ការ​ប្រើប្រាស់​អាហារ​នោះ​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ប្រជាជន​រៀបចំ​អាហារ​ឆៅ​ដាក់​ដោយឡែក គោរព​វិធានការ​អនាម័យ និង​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​មុន​ពេល​ទទួលទាន​។

ក្រឡេក​មក​មើល​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ហុងកុង បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​នេះ ដោយ​ឈាន​ដល់​ចំនួន​ជា​កំណត់​ត្រា ៧,៥៣៣​ករណី​កាលពី​ម្សិលមិញ ខណៈ​មន្ទីរពេទ្យ រួម​និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ពោរពេញ​ដោយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​៕

ads banner