រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តរួមគ្នា រក្សាការពារ សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឲ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាព នៃស្ថាប័នជាតិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្ត្រីកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ,បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ សួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២នេះ នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចក្រឡាហោម បានផ្តល់ការណែនាំ ដើម្បីអនុវត្តទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាជាប់រវល់នូវការអនុវត្តវិធានការសុខាភិបាលប្រឆាំកូវីដ១៩ យ៉ាងណាក្តី ក៏កងម្លាំងសន្តិសុខ នៅតែបន្តអនុវត្តការងារបានយ៉ាងសកម្ម ដូចជាការបង្ក្រាប បទល្មើសជាដើម ។ ក្នុងនោះពាក់ព័ន្ធកងកម្លាំងនគរបាលចរាចរណ៍សម្តេចក្រឡាហោម បានណែនាំឱ្យពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ និងជាប្រចាំ ព្រមទាំងត្រូវអនុវត្តឱ្យបានម៉ត់ចត់ចំពោះបុគ្គលល្មើស ដោយគ្មានការយោគយោល់ដាច់ខាត ។

ទន្ទឹមនឹងនេះសម្តេចក្រឡាហោម បានធ្វើការអំពានាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលមានក្រសួងព័ត៌មាន ជាក្រសួងនាំមុខ ធ្វើយ៉ាងណាឱ្យបង្កើនចលនាផ្សព្វផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មាន វិទ្យុ ទូរទស្សន៍ ជាដើម ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ឱ្យដល់អ្នកប្រើប្រាស់ផ្លូវ ។ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញ ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់រដ្ឋបាលរាជធានី ខេត្ត ដែលទទួលបានជ័យលាភីប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២១ ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner