សម្ដេចតេជោ៖ ថ្ងៃនេះ ជាខួបលើកទី៤៣ឆ្នាំនៃការជួបជុំគ្នាឡើងវិញ រវាងសម្ដេចនិងភរិយា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន សរសេរថា៖ ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញ រវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ជារៀងរាល់ឆ្នាំ ខ្ញុំតែង បង្ហោះ នូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិង ចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។ ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូនមួយ មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។

សម្ដេចតេជោបានបន្តថា ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាន និយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ១៩៧៧ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ ទាំងអស់ គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។

ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថាពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្តពីរនាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។

ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយ ដែល កំពុងហូរទឹកភ្នែកអាណិតកូន។បន្ទាប់ពីបាយល្ងាចនិងក្រោយ ដឹងរឿងនំបុ័ងនៅលើស្រឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ ប្រហែល ជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយក ទៅ គប់ លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ ប្រគល់ ឱ្យ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ។ ម្តងនេះ ម៉ាណែត ញាំ ស្ករគ្រាប់ទាំងសម្បករហូតភរិយាខ្ញុំឃើញក៏បកសម្បកស្ករគ្រាប់ឱ្យ តែគាត់ឱ្យញាំតែពីរគ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយ ជារសជាតិនៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬ សម្ភារនៃល្បែងលេងសម្រាប់កុមារ។

សម្ដេចតេជោ បានបន្តទៀតថា ប្រហែលម៉ោង ៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅ លើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមក ខ្ញំឡើង ទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំ ហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ ។ ខ្ញុំត្រូវ អង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល ៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេង សើច ជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយ ឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀត ទេថែមទាំងមិនឮសំឡេងកូនទៀតផង។

ដោយមិនឮសំឡេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញ កូន សម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមក យើង សាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។

សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួនប្រាំនាក់ មិនដែល មាន មេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសារ រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner