ក្បួនរថយន្តទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ជាង២០គ្រឿង បានចូលមកដល់កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ ការផ្លាស់ប្ដូរទេសចរណ៍ និងវប្បធម៌ ក្នុងក្របខ័ណ្ឌទន្លេឡានឆាង និងទន្លេមេគង្គ ដើម្បីអបអរសាទរ ឆ្នាំវប្បធម៌ និងទេសចរណ៍ កម្ពុជា -ចិន ២០១៩
ខេត្តស្ទឹងត្រែង ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោក ហ៊ុល សីលា អគ្គនាយករង និងក្រុមការងារ បានរៀចំទទួលប្រតិភូនៃក្បួនរថយន្តការ៉ាវ៉ាន់ (Caravan Tours) ពីសាធារណរដ្ឋប្រជាមានិតចិន ឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជាតាមច្រក ព្រំដែន អន្ដរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។
ក្បួនរថយន្តការ៉ាវ៉ាន់ (Caravan Tour) មានគោលបំណងផ្សព្វផ្សាយការផ្លាស់ប្ដូរទេសចរណ៍ និងវប្បធម៌ ក្នុងក្របខ័ណ្ឌ ទន្លេឡានឆាង និងទន្លេមេគង្គ ដើម្បីអបអរសាទរ ឆ្នាំវប្បធម៌ និងទេសចរណ៍ កម្ពុជា -ចិន ២០១៩ ។ ក្បួនរថយន្ដខាងលើ ចេញពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ មកកាន់កម្ពុជា ដោយឆ្លងកាត់តាមទីក្រុងធំៗចំនួន១០ រួមមានចម្ងាយ ផ្លូវប្រមាណ៥,៧២០ គីឡូម៉ែត្រ ក្នុងរយៈពេល សរុប ២៧ថ្ងៃ ។
ក្បួនរថយន្ដ ការ៉ាវ៉ាន់ នឹងធ្វើដំណើរ ពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្ត សៀមរាប ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា និងជំរុញយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ” ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត នៅក្នុងទីផ្សារទេសចរចិន ដែលជាទីផ្សារឈរលំដាប់លេខ១នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃពីធីបើកចេញ ដំណើរក្បួនរថយន្តការ៉ាវ៉ាន់ធួរ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមអធិបតីភាព ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមអភិបាលខេត្តគុនមិញ លោក YU ChengFa និងឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិកា និងជាតំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន ៕ធ.ដ
ដោយ៖ ម៉ា ដេង