AVIVoice Ep61: ទស្សនៈយុវជនស្ដីពី «បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»

ស្ថានការណ៍នៃភាពតានតឹងនៅព្រំដែនអ៊ុយក្រែន-រុស្ស៊ី កំពុងតែមានកម្ដៅកាន់តែខ្លាំង ដែលបណ្ដាលមកពីការចរាចរណ៍នូវសកម្មភាពយោធានៅតាមបណ្ដោយព្រំដែនប្រទេសទាំងពី។ ហើយភាពតានតឹងនេះផងដែរក៏មានការចូលរួមអន្តរាគមន៍ពីបណ្ដាសម្ព័ន្ធមិត្ត និងគាំទ្រដល់អ៊ុយក្រែនគឺសហរដ្ឋអាមេរិក និងសមាជិកនៃអង្គការណាតូមួយចំនួនផងដែរ ដើម្បីជួយទប់ស្កាត់មិនឱ្យមានការឈ្លានពានណាមួយកើតឡើងមកលើប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីនោះឡើយ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី បានបញ្ចេញការយល់ឃើញក្នុងនាមជាយុវជនទៅលើការវិវត្តន៍នៃស្ថានការណ៍នៃភាពតានតឹងនេះ ហើយបានលើកឡើងពីសេនារីយ៉ូមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចចរចាដើម្បីកាត់បន្ថយភាពតានតឹងនេះផងដែរ។

សំណួរទី១ ៖ ជាដំបូងតើអ្វីជាមូលហេតុនៃភាពតានតឹងរវាង រុស្ស៊ី-អ៊ុយក្រែន?

នាងខ្ញុំសូមអនុញ្ញាតបញ្ជាក់ថា អ៊ុយក្រែនគឺជាផ្នែកមួយនៃសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត (USSR) មុនពេលវាបែកបាក់នៅឆ្នាំ 1991។ នៅពេលនោះ ប្រទេសរុស្ស៊ីគឺជាអំណាចកណ្តាល ហើយអ៊ុយក្រែនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ និងធំជាងគេទីពីរបន្ទាប់ពីប្រទេសរុស្ស៊ី។ ហេតុនេះ ព្រំដែនរវាងរដ្ឋនៅក្នុងសហភាពសូវៀតគ្រាន់តែជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Nikita Khrushchev តំបន់ Crimea ត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងឆ្នាំ 1954 ដោយហេតុថាលោកជាជនជាតិអ៊ុយក្រែន។

គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ 2014 ប្រទេសរុស្ស៊ីបានលុកលុយតំបន់គ្រីមៀរបស់អ៊ុយក្រែន មុនពេលកាន់កាប់ឧបទ្វីបនេះជាផ្លូវការ បន្ទាប់ពីជនជាតិគ្រីមៀបានបោះឆ្នោតដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ីនៅក្នុងប្រជាមតិក្នុងតំបន់ដែលមានជម្លោះ។ នៅភាគខាងកើតអ៊ុយក្រែន អំពើហឹង្សាដែលបង្កឡើងរវាងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងយោធាអ៊ុយក្រែន ដោយតាមរយៈការប៉ាន់ស្មាន បានសម្លាប់មនុស្សជាង ១០.៣០០ នាក់ និងរបួសជិត ២៤.០០០ នាក់ ចាប់តាំងពីខែមេសា ឆ្នាំ ២០១៤ មកម្ល៉េះ។

បច្ចុប្បន្ននេះ ការភ័យខ្លាចនៃភាពតានតឹងកាន់តែខ្លាំងឡើង គឺនៅពេលដែលលោកខាងលិចមិនអើពើនឹងការទាមទារផ្នែកសន្តិសុខមួយចំនួនរបស់រុស្ស៊ី។ ទីមួយ រុស្ស៊ី​ចង់​ធានា​ថា​អ៊ុយក្រែន​នឹង​មិន​ក្លាយ​ជា​សមាជិក​ណាតូ។ រុស្ស៊ីចង់ឱ្យអង្គការណាតូបញ្ឈប់ការពង្រីកខ្លួនឆ្ពោះទៅរកប្រទេសអតីតសហភាពសូវៀត។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានឆ្លើយតបថា សមាជិកភាពណាតូគឺអាស្រ័យលើសិទ្ធិជ្រើសរើសរបស់រដ្ឋ ហើយណាតូនឹងប្រកាន់ខ្ជាប់ជានិច្ចនូវ “គោលនយោបាយបើកចំហរ” របស់ខ្លួន។ ទីពីរ រុស្ស៊ីចង់ឱ្យអង្គការណាតូដកថយកម្លាំងពីអឺរ៉ុបខាងកើតទៅកន្លែងដែលខ្លួនធ្លាប់បោះទីតាំង នៅក្នុងឆ្នាំ 1997 ខណៈដែលមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា ការទាមទារនេះផ្ទាល់គឺហាក់ដូចជាមិនប្រតក្សទេ។ ទីបី រុស្ស៊ីចង់ហាមឃាត់ការវាយប្រហារក្នុងរយៈចម្ងាយដោយមីស៊ីលរបស់ណាតូ (មីស៊ីលរយៈចម្ងាយមធ្យម)។ ចុងក្រោយ រុស្ស៊ីចង់បានស្វ័យភាពសម្រាប់អ៊ុយក្រែនភាគខាងកើត ដែលរុស្ស៊ីនិយាយថា អ៊ុយក្រែនត្រូវតែគោរពតាមជាកំហិត ក្រោមកិច្ចព្រមព្រៀងឆ្នាំ 2015 (ដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងទីក្រុង Minsk) ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលបានសម្លាប់មនុស្សប្រហែល 15,000 នាក់រួចមកហើយ។

សំណួរទី ២៖ តើវិបត្តិអ៊ុយក្រែនមានការវិវឌ្ឍដូចម្តេចខ្លះនាពេលបច្ចុប្បន្ននេះ?

ចាប់តាំងពីខែតុលាឆ្នាំ 2021 រុស្ស៊ីបានចាប់ផ្តើមផ្ទេរកងទ័ពទៅកាន់ព្រំដែនជាប់អ៊ុយក្រែន ដែលបង្កឱ្យមានការព្រួយបារម្ភថា ការឈ្លានពានអ៊ុយក្រែនអាចនឹងកើតឡើង។ ប្រទេសរុស្ស៊ីបានប្រើប្រាស់កងទ័ពប្រមាណ 135.000 នាក់នៅជិតព្រំដែនអ៊ុយក្រែន ក៏ដូចជាសមយុទ្ធយោធានៅក្នុងប្រទេសបេឡារុស្សនាពេលថ្មីៗនេះ ដែលជាការបោះជំហានដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។ នៅថ្ងៃទី 8 ខែកុម្ភៈ  កងទ័ពក្រុមដំបូងរបស់សហរដ្ឋអាមេរិកបានទៅដល់ប្រទេសប៉ូឡូញ និងរូម៉ានី ជាមួយនឹងទាហានប្រមាណ 3000 នាក់។ ទន្ទឹមនឹងនោះ អង់គ្លេសក៏បានដាក់ទ័ពប្រមាណ ១០០០នាក់ ត្រៀមឆ្លើយតប ប្រសិនបើមានវិបត្តិជនភៀសខ្លួន ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។ ថ្មីៗនេះ កាលពីថ្ងៃទី 11 ខែកុម្ភៈ រុស្ស៊ី និងបេឡារុស្សបានធ្វើសមយុទ្ធយោធារួមគ្នាខណៈពេលដែល ភាពតានតឹងជាមួយលោកខាងលិចកំពុងកើនឡើង។ រុស្ស៊ីតែងតែចង់ឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ គោរពនូវចំណងគិត្តិយុត្តិស្តីពីការបញ្ចប់ការពង្រីកឥទ្ធិពលរបស់ខ្លួន ការរំសាយអាវុធ និងការដកកងទ័ពចេញពីតំបន់អាស៊ីកណ្តាល និងអឺរ៉ុបខាងកើតទៅកាន់តំបន់ដែលខ្លួនធ្លាប់មានក្នុងឆ្នាំ 1997។ ជាងនេះទៅទៀត អ្នកវិភាគចារកម្មដែលមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាមេរិកបាននិយាយថា បច្ចុប្បន្ននេះរុស្ស៊ីមានសមត្ថភាព70%ហើយឈ្លានពានអ៊ុយក្រែន ដែលនេះគ្រាន់តែជាការព្រមានមួយ ហើយដូចដែលប្រធានាធិបតី ពូទីន បានធានាថា “មិនមានលំឱនភាពណាមួយ និងមិនមានការវាយប្រហារកើនឡើងឡើយ”។

ខណៈពេលនៃភាពតានតឹងនេះផងដែរ ប្រធានាធិបតី Zelensky បានអំពាវនាវសម្ព័ន្ធមិត្តឲ្យផ្តល់ការ គាំទ្រផ្នែកយោធា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី ប្រសិនបើមានការឈ្លានពានកើតឡើង។ ដូច្នេះហើយ ទើបមានកងទ័ព និងសព្វាវុធ ត្រូវបានបញ្ជូនទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន។ ក្នុង​ទិដ្ឋភាព​នេះ វា​មិន​មែន​ជា​ការ​រំលោភ​នីតិ​អន្តរជាតិ​ទេ ខណៈ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ស្នើ​សុំ​ដោយ​ស្ម័គ្រ​ចិត្ត​ឲ្យ​មាន​ការ​កាន់កាប់​យោធាក្នុងប្រទេសខ្លួន។ ម៉្យាងវិញទៀត ក្នុងភាពតានតឹងនេះ នៅតែមានការអនុវត្តតាមបែបការទូត ដែលមេដឹកនាំមកពីប្រទេសមហាអំណាចធំៗនៃសម្ព័ន្ធមិត្តណាតូនឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាពីភាពតានតឹងជាមួយប្រធានាធិបតីពូទីន និងទៅកាន់ទីក្រុងគៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Zelensky។

សំណួរទី ៣៖ តើអ្វីជាការឆ្លើយតបពីសហគមន៍អន្តរជាតិទៅលើបញ្ហានេះ និងជាពិសេសសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង?

ទាក់ទិនទៅនឹងបញ្ហានេះផងដែរ ក៏មានកិច្ចពិភាក្សាការទូតរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ អង្គការណាតូ និងអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអ៊ឺរ៉ុប (OSCE) តែទោះជាយ៉ាងណាដំណោះស្រាយហាក់ដូចជាមិនមានភាពច្បាស់លាស់នៅឡើយ។

កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រធានាធិបតី Macron បានធ្វើដំណើរទស្សនៈកិច្ច ដើម្បីធ្វើការចរចាការទូតជាមួយលោកប្រធានាធិបតី Putin ដែលលោកជូនដំណឹងដល់ប្រធានាធិបតី Zelensky ថា «ប្រធានាធិបតីPutin នឹងមិនផ្ដួចផ្ដើមឲ្យមានការកើតឡើងនូវការប្រយុទ្ធណាមួយឡើយ»។ បន្ទាប់ពីកិច្ចពិភាក្សានេះ លោកប្រធានាធិបតី Putin បានសម្ដែងនៅសន្និសីទសារព៍ត៌មានថា លោកមានឆន្ទៈក្នុងការសម្របសម្រួលជាមួយលោកខាងលិច។ លោកបានបន្ថែមទៀតថា «រុស្ស៊ីមិនត្រូវបានស្ដីបន្ទោសចំពោះភាពតានតឹងនេះទេ ដោយព្រំដែនអង្គការណាតូទេដែលចេះតែរំកិលឆ្ពោះទៅកាន់រុស្ស៊ី»។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz នឹងអញ្ជើញបំពេញទស្សនៈកិច្ចនៅទីក្រុងមូស្គូនិងគៀវផងដែរ នៅថ្ងៃទី ១៤-១៥ ខែកុម្ភៈ នេះ។

ដំណើរទស្សនកិច្ចទាំងពីរនេះគឺជាការប្រើប្រាស់​ទម្រង់ Normandy (ដែលរួមមាន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែន) ដែលបារាំង និងអាល្លឺម៉ង់អាចបំពេញតួនាទី និងអំណាចរបស់ខ្លួនក្នុងនាមជារដ្ឋនៃអឺរ៉ុបទាំងស្រុងក្នុងការស្វែងរកច្រកចេញយ៉ាងសមស្របមួយដល់ភាពតានតឹងនេះ។ ទោះបីជាប្រធានាធិបតី Macron យល់ព្រមលើការចរចាការទូតរបស់លោកជាមួយប្រធានាធិបតីពូទីនក៏ដោយ ក៏បារាំងនៅតែកំពុងបញ្ជូនកងទ័ពទៅកាន់អឺរ៉ុបខាងកើត ដើម្បីជាការផ្ដល់ទំនុកចិត្តទៅវិញទៅមកចំពោះសម្ព័ន្ធមិត្តខ្លួន។ ក្រៅពីនេះ ការឆ្លើយតបពីប្រទេសបារាំង និងអាល្លឺម៉ង់នឹងធ្វើការល្អប្រសើរជាមួយរុស្ស៊ី ខណៈប្រទេសទាំងពីរបានប្រើសិទ្ធិវេតូចំពោះការចូលជាសមាជិកណាតូរបស់អ៊ុយក្រែន។

សំណួរទី ៤៖ តាមរយៈកិច្ចពិភាក្សាការទូតនាពេលថ្មីៗនេះ តើការចរចាទាំងនេះអាចនឹងកាត់បន្ថយភាពតានតឹងដែរឬទេ? ហើយតើមានសេនារីយ៉ូអ្វីខ្លះដែលអាចកើតមាននាពេលអនាគត?

អ៊ុយក្រែនបានក្លាយជាសមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិចនិងរុស្ស៊ីរួចទៅហើយ។ ជំហររបស់រុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន នឹងវាយតម្លៃពីជំហររបស់អាមេរិកទៅលើអឺរ៉ុប។

ជំហានបន្ទាប់របស់ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តណាតូ គឺពិបាកប៉ាន់ស្មានទុកជាមុនបាន។ ម៉្យាងវិញទៀត ប្រសិនបើរុស្ស៊ីសម្រេចចិត្តឈ្លានពានអ៊ុយក្រែនម្តងទៀត វិបត្តិមនុស្សធម៌នឹងកើតមានឡើង។ មនុស្សរាប់ពាន់នាក់អាចបាត់បង់ជីវិត ហើយសន្តិសុខនៅអឺរ៉ុបខាងកើតនឹងស្ថិតក្នុងហានិភ័យ។ ខណៈដែលសមាជិកណាតូបាននិងកំពុងផ្គត់ផ្គង់សព្វាវុធទៅកាន់អឺរ៉ុបខាងកើត រួមទាំងនៅប្រទេសប៉ូឡូញ លីទុយអានី អេស្តូនី ឡាតវី និងរូម៉ានី ក្នុងការឆ្លើយតបនឹងការបង្កើនយោធាដ៏សន្ធឹកសន្ធាប់របស់រុស្ស៊ី និងរារាំងការគំរាមកំហែងរបស់រុស្ស៊ី ហើយការប៉ះទង្គិចនឹងកាន់តែធំឡើង និងថែមទាំងបង្កឥទ្ធិពលដ៏គ្រោះថ្នាក់ដល់សន្តិសុខនៅអាស៊ីកណ្តាល។

ម៉្យាងវិញទៀត តាមរយៈការលើកឡើងរបស់ប្រធានាធិបតី Putin ក្នុងសន្និសីទសារព័ត៌មាន ការប្រើប្រាស់ទម្រង់ Normandy ទំនងជាផ្តល់សញ្ញាល្អមួយដែលថាការយល់ព្រមណាមួយពីគ្រប់ភាគីនឹងត្រូវបានសម្រេច ប៉ុន្តែមិនមែននៅក្នុងពេលឆាប់ៗនេះទេ។ ការអនុវត្តតាមរយៈទម្រង់ Normandy មានប្រសិទ្ធភាពជាងការមានសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សា ដោយសារតែរុស្ស៊ីប្រហែលជាមិនបន្ទន់ឥរិយាបថរបស់ខ្លួន ប្រសិនបើមានការចូលរួមពីសហរដ្ឋអាមេរិក។ យើងនៅតែមានសង្ឃឹមលើកិច្ចចរចាដោយសន្តិវិធី និងតាមរយៈការទូត ដើម្បីនាំមកនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងដើម្បីជៀសវាងការប៉ះទង្គិចគ្នារវាងសម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី។ ទន្ទឹមនឹងនេះ យើងគួរបន្តតាមដានដោយការយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពថ្មីៗបន្ថែមទៀតអំពីការវិវត្តនៃភាពតានតឹងនេះ។

************

វាគ្មិន៖ កញ្ញា លី ន័ររី និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជានាយកនៃគណៈកម្មការស្រាវជ្រាវ និងការគ្រប់គ្រងគម្រោង នៃ ASEAN Youth Advocates Network (AYAN) Cambodia

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner