កម្ពុជាបញ្ជាក់ប្រាប់អាល្លឺម៉ង់ អំពីការត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជាជាមួយលោកជំទាវ ANNALENA BAERBOCK​រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២នោះឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ជូនសមភាគីអាល្លឺម៉ង់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជាជាមួយលោកស្រី ANNALENA BAERBOCK​រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់

សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា នៅកិច្ចពិភាក្សាគ្នារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវ ANNALENA BAERBOCK​ ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ទៀតថា កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ២៥ភាគរយនៃប្រភព ថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូន ( Carbon Neutral) នៅឆ្នាំ ២០៥០ ។

គួរបញ្ជាក់ថា ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២ដែលជាទស្សនកិច្ចលើកទីមួយក្នុងរយៈពេល ២៥ ឆ្នាំបន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងខែមករាឆ្នាំ ១៩៩៧។ទស្សនកិច្ចនេះ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេទាំងពីរ៕ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner