កងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាមបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការយោធាស្រុកទិញបៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំឆ្នាំនេះ និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្កលក្ខណៈដល់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានមកចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ បានសម្តែងនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានគាំទ្រលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរបានកំណត់យក នៅក្នុងស្មារតីគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ច្បាប់ជាតិ ច្បាប់អន្តរជាតិ អត្តសញ្ញាណជាតិនៃប្រទេសទាំងពីរ និងដោយឈរលើគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នា ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។


ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ កន្លងទៅ ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាន និងបានដាក់ចេញនូវកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ដោយផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតសិ្នទ្ធ សំដៅថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អ នៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសហការបង្កលក្ខណៈអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរ អាចធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាប្រតិបត្តិការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ជាពិសេសជោគជ័យលើយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយតាមរបាយការណ៍វាយតម្លៃ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបានច្រើនជាងគេក្នុងពិភពលោក ដោយក្នុងនោះកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក៏ជាប្រតិបត្តិករដ៏សំខាន់មួយផងដែរ៕
ដោយ៖ ពលជ័យ

