ករណីកោះរ៉ុង៖ អង្គភាពប្រឆាំងអំពើពុករលួយនឹងចេញលិខិតនាំខ្លួនជនសង្ស័យមួយចំនួន
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ករណីកោះរ៉ុង៖ ក្នុងវគ្គបច្ចុប្បន្ននេះ អង្គភាពប្រឆាំងអំពើពុករលួយកំពុងបំពេញការស៊ើបអង្កេតតាមការប្រគល់ឱ្យពីសាលាដំបូងខេត្តព្រះសីហនុ (ស្ថាប័នអយ្យការ) ហើយបានកោះហៅ និងស្តាប់ចម្លើយជនសង្ស័យមួយចំនួន។ ជនសង្ស័យមួយចំនួនទៀតដែលរឹងរូសមិនព្រមចូលមកផ្តល់ចម្លើយ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតនាំខ្លួនក្នុងសប្តាហ៍នេះ។

ការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចេញលិខិតកោះហៅបុគ្គលចំនួន១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ជាលើកទី២ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធរឿងប្រឆាំង និងអ្នករាជការសាធារណៈមានស្ថានទម្ងងន់ទោស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា កន្លងមកធ្លាប់បានចេញលិខិតកោះហៅបុគ្គលចំនួន១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖
១.ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី ពាក់ព័ន្ធការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែង ប្រព្រឹត្តចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននៅកោះរ៉ុង
២.ឈ្មោះ ម៉ែន សូលីណា ភេទស្រី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៣.ឈ្មោះ សុខ មលិកា ភេទស្រី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៤.ឈ្មោះ ជា សានីន ភេទប្រុស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៥.ឈ្មោះ ឡេង ដោក ភេទប្រុស សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៦.ឈ្មោះ ទន់ វិឡាម៉ូលីន ភេទស្រី ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
៧.ឈ្មោះ ព្រំ សេង ភេទប្រុស ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
៨.ឈ្មោះ សុខ ចិន្ដា ភេទប្រុស ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
៩.ឈ្មោះ មាស ពិសី ភេទស្រី ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
១០.ឈ្មោះ អ៊ូ មករា ភេទស្រី ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
១១.ឈ្មោះ អ៊ិន និមល់ ភេទប្រុស ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ដោយមូលហេតុសាមីខ្លួនបានព្យាយាមគេចវេសពីលំនៅឋាន និងមិនបានទទួលលិខិតកោះ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ធ្វើការចេញលិខិតកោះហៅសាមីខ្លួនដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក និងធ្វើការជូនដំណឹងអំពីការកោះហៅនេះជាសាធារណៈតាមរយៈផេកហ្វេសប៊ុកផ្លូវការ (https://web.facebook.com/acukhmer) និងគេហទំព័ររបស់ អ.ប.ព. (http://www.acu.gov.kh)៕
ដោយ៖ពលជ័យ