គណបក្សបេះដូងជាតិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបង្កើតគណបក្សនយោបាយ
ភ្នំពេញ៖ នៅទីបំផុតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចលុបឈ្មោះ “គណបក្សបេះដូងជាតិ ” ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើសុំចុះបញ្ជីគណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងសម្រេចឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិតក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឱ្យខូចគុណភាព។
គួររំលឹកថា ក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹក ចំនួន២ (ពីរ) លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈគណបក្សតាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះនៅតែមិនអនុវត្តតាមស្មារតីនៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាននៃការបញ្ចូលសមាជិកភាពទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤នៃច្បាប់ស្តីពីគណបក្ស នយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះ ជាកំហិត។ ក្នុងករណីនៅតែមិនអនុវត្តតាមស្មារតីនៃលិខិតជូនដំណឹងនេះក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។
សូមជម្រាបដែរថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” បន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិបានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១៕
ដោយ៖ពលជ័យ