អ៊ុយក្រែន-រុស្ស៊ីនឹងប្រឈមមុខគ្នានៅតុលាការពិភពលោក របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើប្រល័យ ពូជសាសន៍

កៀវ៖ អ៊ុយក្រែននឹងស្នើឱ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ការឈ្លាន ពានរបស់ខ្លួន ដោយលើកហេតុផលថា យុត្តិកម្មរបស់ទីក្រុងម៉ូស្គូសម្រាប់ការវាយប្រហារនេះ គឺផ្អែកលើការបកស្រាយខុសនៃច្បាប់ប្រល័យពូជសាសន៍។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា សកម្មភាពយោធាពិសេសរបស់រុស្ស៊ីគឺចាំបាច់ ដើម្បីការពារមនុស្សដែលត្រូវបានទទួលរងនូវការគំរាមកំហែង និងការប្រល័យពូជសាសន៍ ជាពិសេសជនជាតិរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។ បណ្តឹងរបស់អ៊ុយក្រែនបញ្ជាក់ថា ការអះអាងអំពីអំពើប្រល័យពូជសាសន៍របស់រុស្ស៊ី គឺមិនពិត ហើយក្នុងករណីណាក៏ដោយ មិនផ្តល់យុត្តិកម្មផ្លូវច្បាប់សម្រាប់ការលុកលុយនោះទេ។ សំណុំរឿងនេះបានដាក់នៅតុលាការពិភពលោក ដែលគេស្គាល់ជាផ្លូវការថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តោតលើការបកស្រាយនៃសន្ធិសញ្ញាស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលចុះហត្ថលេខាដោយប្រទេសទាំងពីរ។ សន្ធិសញ្ញាដាក់ឈ្មោះ ICJ ជាវេទិកាសម្រាប់ដោះស្រាយវិវាទរវាងប្រទេសហត្ថលេខី។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមអន្តរជាតិ នៃអ្នកប្រាជ្ញប្រល័យពូជសាសន៍បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក ពូទីន កំពុងក្លែងបន្លំ និងប្រើ ប្រាស់ ពាក្យថា អំពើប្រល័យពូជសាសន៍។ ប្រធានសមាគមនេះ គឺលោកស្រី មេឡានី អូប្រាយអិន (Melanie O’Brien) បានប្រាប់កាសែតរ៉យទ័រថា ពិតជា គ្មានភស្តុតាងណាមួយដែលបង្ហាញថា មានការប្រល័យ ពូជសាសន៍កើតឡើងនៅក្នុងអ៊ុយក្រែនទេ៕ប្រភព៖ South China Morning Post ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner