អគ្គលេខាធិការ កីឡាប៉េតង់ថា កីឡាករ កីឡាការិនី តាមបណ្តាតំបន់ទាំង៥ មានការកើនឡើងនូវគុណផល និងបច្ចេកទេស

ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី៦ ខែមិនាម្សិលមិញ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីដំណើរការរយៈពេល៣ថ្ងៃ ជាមួយនឹងលទ្ធផលប្រកួតប្រជែងប្រកបដោយគុណភាព ។ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍លើកឡើងថា ការប្រកួតរយៈពេល៣ថ្ងៃនេះ កីឡាករ កីឡាការិនី តាមបណ្តាតំបន់ទាំង៥ ពិតជាមានការកើនឡើងនូវគុណផល បច្ចេកទេស វិន័យ និងឆន្ទៈខ្ពស់ ដែលឆ្លុះបញ្ចាំងមិនអាចប្រកែកបានអំពីភាពសុះសាយ និងការអភិវឌ្ឍរបស់វិស័យកីឡាប៉េតង់ទូទាំងប្រទេស បើទោះបីជាស្ថិតបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្តី ។

ឯកឧត្តម អះអាងថា ការប្រកួតថ្នាក់ជាតិនេះរៀបចំឡើង ក្នុងគោលបំណងលើកស្ទួយនូវវិស័យកីឡាប៊ូល និងប៉េតង់បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប នៅតាមតំបន់ និងផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ជាពិសេសសម្រាប់សហព័ន្ធជ្រើសរើសអ្នកមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ ចូលរួមជាក្រុមជម្រើសជាតិយុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ ។

ឯកឧត្តម ប៊ូ ជុំសេរី អនុប្រធានទី១ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានសំណូមពរឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពឲ្យបាននូវស្មារតី ឧត្តមគតិកីឡា ដោយការប្រកួតមិនសំដៅតែទៅលើការចាញ់ ឬឈ្នះនោះទេ ប៉ុន្តែយើងសង្កត់ធ្ងន់ទៅលើស្មារតីកីឡា ដោយម្នាក់ៗត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ដូចជា វិន័យ សីលធម៌ យុត្តិធម៌ បើឈ្នះ ឈ្នះដោយយុត្តិធម៌ ។

ឯកឧត្តម បន្ថែមទៀតថា កីឡាករ កីឡាការិនីគ្រប់រូប ត្រូវមានស្មារតីសាមគ្គីភាព ដែលជាកត្តាចាំបាច់ ក្នុងកីឡា ពង្រឹងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងរវាងសង្គម និងសង្គម ដើម្បីលើកកម្ពស់កីឡា ហើយពេលប្រកួតត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ខណៈមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលក៏ត្រូវបានលើកកម្ពស់ឲ្យពង្រឹងគុណភាព តាមរយៈការកាត់សេចក្តីប្រកបដោយស្មារតីយុត្តិធម៌ មិនលម្អៀងដូចគ្នាផងដែរ ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលជ័យលាភី ក្លិបយោធភូមិភាគពិសេស ឈរលេខ១ ដោយឈ្នះមេដាយមាសច្រើនជាងគេ ចំនួន២គ្រឿង ខណៈ៤ក្លិបផ្សេងទៀត រួមមាន៖ ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី ,ក្រសួងមហាផ្ទៃ ,មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងក្លិបសេនារាជសីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដណ្តើមបានមេដាយមាស ១គ្រឿងដូចៗគ្នា ខណៈ៦ក្លិបទៀតក៏ដណ្តើមបានមេដាយប្រាក់ ឬសំរឹទ្ធមួយចំនួនទៀតផងដែរ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner