ស្រ្តីសហគ្រិន ស្រ្តី និងនិស្សិតជិតមួយមុឺននាក់ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុពីក្រសួងកិច្ចការនារី ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុន VISA

ភ្នំពេញ៖ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុ ន Visa បានបញ្ចប់គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកច្ចដល់ស្រ្តី សហគ្រិនស្រ្តី និងនិសិ្សត ជិត ១០,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាម មកពី ក្រសួងកិច្ចការនារី មន្ទីពាក់ព័ន្ធ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ តាមរយៈវេទិកាពិភាក្សា ចំនួន៤ គម្រោងនេះបានចែកចាយនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងជំរុញសហគ្រិនភាព និងបន្តការរីកចម្រើន។

ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ស្ត្រីកម្ពុជា គឺជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យ ជំនាញ និង គំនិតច្នៃប្រឌិតខ្ពស់។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។ យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។”

បរិយាបន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្រ្តីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផលនៃការទទួលបានសេវាហិរញ្ញវត្ថុមិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាននិងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាតយេនឌ័រយ៉ាងធំផងដែរ។ នេះមានន័យថា ស្រ្តីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។

លើសពីនេះ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល នៅតែបន្តជាបញ្ហាប្រឈម។ បញ្ហាទាំងនេះ កើតឡើងជាពិសេសចំពោះស្រ្តីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្រ្តីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាចរារាំងការឈានទៅរកសុខុមាលភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។

ឯកឧត្តម រដ្ឋ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា បានកំណត់យកការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុថាជាសសរស្តម្ភសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា» ។

វគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន ព្រមទាំងមានកិច្ចសន្ទនា ជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្តូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាពហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតីសហគ្រិនភាព និងច្នៃប្រឌិត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីនៅកម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងពិតជាមានក្តីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា។

យើងសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវីតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង។»គម្រោង “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន” បានធ្វើឡើងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាច្រកកម្ពុជា ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ គម្រោងនេះក៏ជំរុញការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច ភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព បន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner