តំណាងអចិន្ត្រៃយ៍កម្ពុជាសម្តែងក្តីខកចិត្តចំពោះឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា 

ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ​ នៅហ្សឺណែវ​ ឯកឧត្តម​ អាន សុខខឿន​ បានថ្លែងថា​ គណៈប្រតិភូកម្ពុជា យល់ស្របទៅនឹងទស្សនៈរបស់ឯកឧត្តមប្រធាន ពាក់ព័ន្ធនឹងការធ្វើនយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងភាពលម្អៀងដោយសារការកំណត់ឋានានុក្រម ក្នុងចំណោម​ប្រភេទសិទ្ធិមនុស្ស។ ប៉ុន្តែបានសម្តែងក្តីខកចិត្តយ៉ាងខ្លាំង ចំពោះប្រការដែលឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។

ការសម្តែងក្តីខកចិត្តនេះ​ នៅក្នុងនាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ស្តីពីរបាយការណ៍សកលរបស់លោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។ 

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា​បានបន្តថា​ ការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយស្របច្បាប់គឺជាការយល់ខុសទាំងស្រុង។ តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ថា កូដកម្មនេះគឺ ខុសច្បាប់។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានត្អូញត្អែរពីការ រំខានបង្កដោយការតវ៉ាខុសច្បាប់ដែលអូសបន្លាយពេលជាច្រើនខែ។ អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។យ៉ាងហោចណាស់ បាតុករចំនួន១៣០ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធីដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ? 

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំឡើងដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ និងត្រូវបានគេធ្វើនយោបាយូបនីកម្ម។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា​ អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់ មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។ មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះបញ្ជីរួចរាល់ ចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ គណបក្សទាំងនោះ មិនថាតូច ឬ ធំ មានសិទ្ធិនយោបាយនិងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបាន

កត់សម្គាល់ឃើញថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធីសាស្រ្តរបស់ក្រុមនោះ គឺផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។ លោកជំទាវឧត្តមស្នងការ តើសកម្ម ភាពទាំងនេះគឺជាអ្វីដែលលោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្ត ស្របច្បាប់ ក្រោមច្បាប់អន្តរជាតិឬ?៕​ 

ដោយ៖ពលជ័យ

ads banner