ទូតថ្មីអ៊ីស្លាមប៉ាគីស្ថានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន 

ភ្នំពេញ​៖ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឃឹមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន​ នឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។

ការអបអរសាទរនេះ​ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Zaheeruddin Babar Thaheem ដែលត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន ប្រចាំនៅកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញរបស់ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដល់ឯកឧត្តម ក្នុងកា របំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយឯកឧត្តម ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យត្រចះត្រចង់នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលប្រជាជនប្រមាណ៩២% នៃប្រជាជនសរុប បានចាក់វ៉ាក់សាំងរួច ហើយដែលអនុញ្ញាតឱ្យកម្ពុជាអាចបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសឡើងវិញ ជាបណ្តើរៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានឯកភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងការពារជាតិ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការត្រៀមទទួលស្វាគមន៍គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាននាពេលអនាគត ហើយបានពិភាក្សាជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការផ្លាស់ប្តូរការសម្របសម្រួល រវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញរបស់រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ក្នុងអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (Organisation of Islamic Cooperation-OIC)

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ៕

ដោយ៖ពលជ័យ

ads banner