រដ្ឋបាលខេត្តរតនគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង លើកទិសដៅឆ្នាំ២០២២

រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងបើកសន្និបាត ឯកឧត្តម ញ៉ែមសំអឿន បានមានប្រសាសន៍ថា លទ្ធផលការងារបស់រដ្ឋបាលខេត្តដែលសម្រេចបាននាឆ្នាំ២០២១មកនេះ បានបង្ហាញនូវចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម ដែលតម្រូវឱ្យអង្គសន្និបាត ធ្វើការពិភាក្សាគ្នា បន្ថែមទៀតដើម្បីដាក់ចេញនូវគោលដៅសម្រាប់អនុវត្តបន្តនាឆ្នាំខាងមុខ ។ ដូចជាការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ធ្វើឱ្យភូមិដ្ឋានមានសុខសុវត្ថិភាព និង ការពង្រឹងការផ្សព្វផ្សាយដល់រដ្ឋបាលមូលដ្ឋានអំពីការចូលរួមអនុវត្តវិធានការសុខាភិបាល ការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ឯកឧត្តមអភិបាលខេត្ត បន្តថាគោលដៅសម្រាប់បន្តអនុវត្តនាពេលខាងមុខ គឺជាការអនុវត្តនូវកម្មវិធីនយោបាយនានា លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃឱ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទាមទារ ឱ្យថ្នាក់ដឹកនាំអង្គភាព អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ធ្វើការពិភាក្សាគ្នា ផ្តល់មតិយោបល់ឱ្យបានផុលផុស យកទៅអនុវត្តសម្រាប់ឆ្នាំបន្ត ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner