អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធមិនមានជំនួយការឈ្មោះ ហួន សីហា និងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនានេះ បានធ្វើការបំភ្លឺអំពីបុគ្គលឈ្មោះ ហួន សីហា ដែលអះអាងថា ជាជំនួយការរបស់ឯកឧត្តម ដោយបានយកឈ្មោះរបស់ឯកឧត្តមទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទជាដើម និងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបំភ្លឺយ៉ាងដូចច្នេះថា “នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទជាដើម។ ខ្ញុំសូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឱ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។

ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់៕
ដោយ៖ពលជ័យ

ads banner