គ្រូបង្គោលបឹងកេត៖ ក្រុមទ័ពខ្លាំងក្នុងលីគឆ្នាំនេះ តែយើងនឹងវាយបកទៅលើចំណុចខ្សោយ

គ្រូបង្គោលក្លិបកីឡាបាល់ទាត់បឹងកេត លោក គីម ភក្តី ចាត់ទុកថា ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ជាក្រុមល្អក្នុងលីគ រដូវកាលថ្មី ២០២២នេះ ដោយលោកឃើញថា តំបន់ការពាររឹងមាំ វាយបកបានលឿន និងធ្វើការជាក្រុមបានល្អ ប៉ុន្តែលោកនឹងស្វែងរកចំណុចខ្សោយ ដើម្បីវាយបកឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ។

នេះជាការលើកឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅក្នុងកិច្ចសម្ភាសន៍អនឡាញជាមួយអ្នកសារព័ត៌មានកីឡា មុនការប្រកួតខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២ ដែលក្រុមបឹងកេតទទួលស្វាគមន៍ក្រុមភ្ញៀវ ទ័ព នាវេលាម៉ោង ៣:៤៥នាទីល្ងាចថ្ងៃទី១២មីនានេះ។

ទោះយ៉ាងនេះក្តី លោក គីម ភក្តី ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ជំនួបជាមួយទ័ព ដោយលោករំពឹងថានឹងអាចវាយបកលើចំណុចខ្សោយ ដែលលោកបានសិក្សា។ «ក្រុមទ័ពមានភាពប្រែប្រួលល្អច្រើនសម្រាប់រដូវកាលថ្មីនេះ ដោយសារទ័ពមានយុវជនល្អៗច្រើន និងកីឡាករបរទេស ព្រមទាំងរបៀបលេង។ ច្បាស់ណាស់ រាល់ការប្រកួតទាំងអស់ យើងតែងតែបានសិក្សាលើគូប្រកួត និងកែប្រែ ទាំងការការពារ និងរបៀបលេង ដើម្បីធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រកួតបន្តបន្ទាប់ទៀត»។

ងាកទៅមើលការគាំទ្ររបស់ទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់កីឡដ្ឋាននីមួយៗ គឺមានចំនួនតិចតួចនៅឡើយ ដោយត្រូង់ចំណុចនេះលោកបានបញ្ចេញជាទស្សនៈរបស់ខ្លួនថា «បើយើងគិតលើផ្លូវអវិជ្ជមាន គឺមិនសូវមានអ្នកគាំទ្រច្រើន។ តែបើគិតលើផ្លូវវិជ្ជមានត្រឡប់មកវិញ គឺយើងពិតជារំភើប និងអស្ចារ្យណាស់ ដែលពួកគាត់មកចូលរួមទស្សនាគាំទ្រផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់ជាដើម។ អ្នកគាំទ្រតិច ឬច្រើន អាស្រ័យទៅលើក្លិបកីឡាបាល់ទាត់នោះជាអ្នកផ្សព្វផ្សាយឲ្យាកាន់តែទាក់ទាញការគាំទ្រឲ្យបានកាន់តែច្រើន»។

ដោយឡែកការប្រកួតរបស់ក្រុមជម្រើសជាតិ គឺអ្នកគាំទ្រតែងតែផ្តល់ការគាំទ្រយ៉ាងច្រើនលើសលុប ទោះចាញ់ ឬឈ្នះ ក៏មហាជនគាំទ្រដែរ ដោយសារយើងរបស់យើង។ ចំពោះការគាំទ្រក្លិបវិញ សំខាន់គឺក្លិបនីមួយៗត្រូវកសាងភាពទាក់ទាញ ដើម្បីឲ្យមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត។ «យើងត្រូវគិតលើផ្លូវវិជ្ជាមាន ដើម្បីបន្តដំណើរឆ្ពោះទៅមុខទាំងអស់គ្នា ហើយយើងសង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងបន្តការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀត។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងលេងឲ្យបានល្អ លេងឲ្យកាន់តែមានកម្រិតខ្ពស់ លីគយើងកាន់តែខ្លាំង ច្បាស់ណាស់អ្នកគាំទ្រនឹងផ្តល់ការគាំទ្រ ពួកយើងទាំងអស់គ្នា។

ការប្រកួតខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២ នៅថ្ងៃសៅរ៍ទី១២មីនានេះ មាន៣ប្រកួតទៀត ដែលជាការប៉ះគ្នារវាង វិសាខា និងណាហ្គាវើលដ៍, អង្គរថាយហ្គឺរ ប៉ះ គិរីវង់សុខសែនជ័យ ខណៈក្រុមការពារដំណែងឯក ភ្នំពេញក្រោន ជួប ព្រះខ័នរាជាស្វាយរៀង។

គួរបញ្ជាក់ថាការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២នេះដំណើរប្រកួតពីថ្ងៃទី៥ខែមីនា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដោយមាន៨ក្រុម ដោយដំណាក់កាលទី១ ត្រូវប្រកួតចំនួន៣ជុំ។ នៅដំណាក់កាលទី២ គឺ៤ក្រុមលើកំពូលតារាងនឹងត្រូវប្រកួត២ជុំទៀត ដើម្បីស្វែងរកក្រុមជើងឯក៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner