ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភដោយសារអត្រាចាក់វ៉ាក់សាំងមានកម្រិតខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជ្រើសរើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺពិតជាបាននាំមកនូវភាពកក់ក្តៅលើការធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ មេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា ក្នុងរយៈពេលជាង០២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសាកល បានបំផ្លាញសុខភាពមនុស្សរាប់រយលាននាក់ និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយគ្មានការរើសអើង ហើយសូម្បីបុណ្យសពក៏មិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបាន។ កម្ពុជា ក៏បានទទួលរងនូវសោដនាដកម្មនេះដែរ ហើយក៏ប្រហាក់ប្រហែលនឹងសោដនាដកម្មដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងរបប ប៉ុល ពត។ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន៕
ដោយ៖ពលជ័យ

ads banner