កិច្ចប្រជុំក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូពីចម្ងាយ
ភ្នំពេញ៖ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM MEETING) ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំ លើកទី១ “ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ” ក្រោមអធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមការងារប្រតិបត្តិ លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ មន្ត្រី និងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ សរុប ១១២នាក់។
ក្នុងមតិបើកកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារប្រតិបត្តិ បានលើកឡើងអំពីការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានបង្កើតនូវគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, និងអនុគណៈកម្មការចំណុះពាក់ព័ន្ធនានា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត។ ជាមួយគ្នានេះ សម្រាប់វិស័យទេសចរណ៍កម្ពុជាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចបង្កើត “ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដែលមានតួនាទី និងភារកិច្ចដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្តផែនទីចង្អុលផ្លូវ (ROADMAP) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបានបំពេញកិច្ចការងារចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង និងស្តារវិស័យទេសចរណ៍ដែលបានទទួលរងផលប៉ះពាល់យ៉ាងដំណំក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្លាប់ជាវិស័យដើរតួនាទីជាជន្ទល់នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ។
មួយវិញទៀត ឯកឧត្តមប្រធានក្រុមការងារប្រតិបត្តិ បានបញ្ជាក់ផងថា តាមរយៈសេចក្ដីសម្រេចលេខ ០១៩ សសរ. ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ដីពីការបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ ដើម្បី សិក្សា វាយតម្លៃ តាមដាន ចងក្រងរបាយការណ៍/ឯកសារ និងធ្វើបច្ចុប្បន្នភាពស្ថានភាពគោលដៅ និងប្រភពទីផ្សារយោងតាមស្ថានភាពបម្រែបម្រួលក្នុងតំបន់ និងជាសកលលោក។
អង្គប្រជុំបានសាទរចំពោះការបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅ ទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ និងបានឯកភាពដាក់ចេញនូវទិសដៅការងារមួយចំនួនរួមមាន៖
-បន្ត និងជំរុញបន្ថែមលើការងារវាយតម្លៃទីផ្សារទេសចរណ៍អន្តរជាតិ ដែលគួរស្រូបទាញយកក្នុងដំណាក់កាលនេះ ដោយបច្ចុប្បន្នទីផ្សារទេសចរណ៍ពិតជាមានការប្រកួតប្រជែងស្រួចស្រាលបំផុត និងកាន់តែតូចចង្អៀត។
-បន្តធ្វើសហការនិងឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអន្តោប្រវេសន៍លើការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍អនុវត្តទាំងឡាយដែលបានសម្រេចនិងដាក់ចេញដោយរាជរដ្ឋាភិបាល ពិសេសនូវរាល់គោលការណ៍ អនុវត្តដែលមានចរិកសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
-បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមាសម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ឱ្យអនុវត្តកន្លងមក ដោយយើងមិនអាច “ថយក្រោយទេ” គឺពុំបន្ថយលក្ខខណ្ឌក្នុងការអនុវត្តនោះឡើយ។
-លេខាធិការដ្ឋាន ត្រូវប្រមូលនិងសរុបរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារជាប្រចាំខែ និងត្រូវធ្វើឱ្យបានទៀតទាត់។ ចាន់ វិចិត្រ