នាយបេសកកម្មរាយការណ៍ជូនជាតិពីកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម នៅវៀតណាម

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្ម ដែលកំពុងដឹកនាំប្រតិភូកីឡាកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនាយបេសកកម្ម ត្រៀមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

រាយការណ៍ជូនជាតិពីទីក្រុងហាណូយ ប្រទេសវៀតណាម ឯកឧត្តមនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាគូសបញ្ជាក់ថា នៅថ្ងៃនេះប្រតិភូកីឡាកម្ពុជាបានចូលរួមកិច្ចប្រជុំនាយបេសកកម្មអាស៊ីអាគ្នេយ៍ ដើម្បីត្រៀមរៀបចំការប្រកួត ស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តមនាយបេសកកម្មបានឲ្យដឹងថា ៖«កិច្ចប្រជុំនេះ ឯកឧត្តម Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌
-ទេសចរណ៍-កីឡាវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានបើកកិច្ចប្រជុំដោយផ្ទាល់-អនឡាញ។ កិច្ចប្រជុំនេះ គេបានធ្វើបទបង្ហាញអំពីការស្នាក់នៅ ហូបចុក ការដឹកជញ្ជូន ការទទួលបដិសណ្ឋារកិច្ច វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងអំពីទីលានប្រកួតផងដែរ»។

«កិច្ចប្រជុំនាយបេសកកម្មអាស៊ីអាគ្នេយ៍ មុនការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញរបស់ CAMSOC បានសិក្សាស្វែងយល់ពីរបៀបរបប ក្នុងការរៀបចំស៊ីហ្គេម បន្តវេនលើកទី៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ៖«អ្វីដែលយើងទទួលបាន ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដំណើរការអនុវត្តរៀបចំស៊ីហ្គេម ការផ្លាស់ប្តូរយោបល់គ្នា ជាពិសេសគឺការថែរក្សាកីឡាករ កីឡាការិនីក្នុងពេលប្រកួតថាតើត្រូវគ្រប់គ្រង ពេលកីឡាករ និងកីឡាការិនីណាកើតជំងឺកូវីដ-១៩ ត្រូវព្យាបាលយ៉ាងម៉េច ហើយត្រូវហាមឃាត់អ្វីខ្លះ ក្នុងអំឡុងពេលប្រកួត។ យើងបានផ្លាស់ប្តូរយោបល់គ្នាបានច្រើន និងព័ត៌មានជាច្រើន ដើម្បីយកចំណុចល្អៗ និងពិសេសៗ ត្រៀមយកទៅអនុវត្តនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់កម្ពុជាយើង»។

ក្នុងនោះដែរ ថ្នាក់ដឹកនាំម្ចាស់ផ្ទះវៀតណាមបានទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅបំផុត ហើយកិច្ចប្រជុំថ្ងៃទី១នេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេមកាន់តែល្អប្រសើរបន្ថែមទៀត។ ម្ចាស់ផ្ទះ វៀតណាមបានលើកទឹកចិត្តឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ចុះឈ្មោះឲ្យបានរួសរាន់ ខណៈការចុះឈ្មោះនេះត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ទើបបិទបញ្ជី។ ម្ចាស់ផ្ទះក៏បានស្នើឲ្យបណ្តាប្រទេសទាំងអស់រួមគ្នាជួយជំរុញឲ្យស៊ីហ្គេម លើកទី៣១នេះទទួលបានលទ្ធផលជោគជ័យ។

នៅពេលរសៀលថ្ងៃដដែលក៏មានកិច្ចពិភាក្សាគ្នាលក្ខណៈជំនាញបច្ចេកទេសរវាងគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមវៀតណាម និងក្រុមប្រតិភូគណៈកម្មាធិការជាតិ CAMSOC។

ជាមួយគ្នានោះ ឯកឧត្តមវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមប្រតិភូកម្ពុជា និងសង្ឃឹមថា ការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ ដើម្បីយកទៅអនុវត្តស៊ីហ្គេម បន្តវេន ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។ អ្វីដែលពិសេសឯកឧត្តមនាយបេសកកម្មក៏សម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដែលបានចង្អុលបង្ហាញដល់ក្រុមប្រតិភូកីឡាកម្ពុជា នៅក្នុងបេសកកម្មដ៏មានសារៈសំខាន់រយៈពេល៣ថ្ងៃនេះ៕ Camsoc ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner