លោក ហ៊ុន ម៉ានី ជំរុញស.ស.យ.ក. ឱ្យបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាព និងសុខដុមរមនារបស់កម្ពុជា

អត្ថបទដោយ៖
AMS OneMinute

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលស..ស.យ.ក. នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីភាពចាំបាច់នៃសុខសន្តិភាព ដែលទាមទារការចូលរួមពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាពដែលកម្ពុជាសម្រេចបានដ៏លំបាក។ លោក ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ជូនសមាជិក សមាជិក នៃមហាគ្រួសារ ស.ស.យ.ក ឱ្យចាប់យកកាលានុវត្តភាពនានាក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដើម្បីបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាពនិងសុខដុមរមនារបស់កម្ពុជា ចូលរួមឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត និងចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាង សមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោកប្រធានស.ស.យ.ក. និងបានរំលឹកដល់សមាជិកសមាជិកាគ្រប់រូប ជាពិសេសយុវជនកម្ពុជាគ្រប់រូប ពីសារៈសំខាន់ការស្គាល់ខ្លួនឯងឲ្យបានច្បាស់ តាមរយៈការសិក្សា ស្វែងយល់ និងដកបទពិសោធន៍ជាមេរៀន ពីប្រវត្តិសាស្រ្ត និងដំណើរដ៏វែងឆ្ងាយរបស់កម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ ធ្ងន់ថា៖«ស.ស.យ.ក. រៀនពីបទពិសោធប្រវត្តិសាស្រ្ត ដើម្បីជាមូលដ្ឋានក្នុងការបោះជំហានឆ្ពោះទៅមុខជាមួយនឹងស្នាមញញឹមក្តីសង្ឃឹមរបស់យុវជនសម្រាប់ប្រទេសជាតិ»។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់ខ្លួន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើទឹកដីខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានស.ស.យ.ក. រួមជាមួយវត្តមានរបស់សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ភ្ញៀវកិត្តិសយល និងសមាជិក សមាជិកាអង្គប្រជុំ។ គោលបំណងនៃការរៀបចំកិច្ចប្រជុំ គឺដើម្បីស្វែងរកធាតុចូលជាច្រើនចេញពីការចែករំលែកយ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលធាតុចូលទាំងនេះជាមូលដ្ឋាននៃគំនិតបន្ថែមទៀតក្នុងការដឹកនាំយុវជន និងការអនុវត្តកិច្ចការជាបន្តនៅតាមមូលដ្ឋានរៀងៗខ្លួន។

គួរបញ្ជាក់ផងដែលថា បន្ទាប់ពីការរៀបចំលើកទី១ កាលពីឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។

ads banner