អង្គការការីតាស្ត ស្វីស(CARITAS Swiis ) បន្តជួយហេដ្ឋារចនាសម្ព័ន្ធអនាម័យគម្រោងសាលាបៃតងនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រសួងអប់រំ យុវជននិងកីឡា រដ្ឋបាលខេត្តបន្ទាយមានជ័យ និងដៃគូអភិវឌ្ឍន៍បានរួមគ្នាប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធអនាម័យចំនួន ៤៥សាលានៃគម្រោងសាលាបៃតង ដែលជាជំនួយរបស់អង្គការការីតាស្ត ស្វីស(CARITAS Swithzeland) នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាពង្ រភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានលើកឡើងពីវឌ្ឍនភាពនៃវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដែលឆ្លើយតបបានទៅនឹងមុំនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងចតុស្តម្ភនៃក្រសួងអប់រំ យុវជននិងកីឡា ។ 

ក្នុងនាមពលរដ្ឋជាអាណាព្យាបាលសិស្ស សិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស្តស្វីស ដែលជាងមួយឆ្នាំកន្លងមកនេះ ទោះស្ថិតក្នុងបរិបទ នៃការរីករាលដាលជម្ងឺកូវីដ១៩ ក៏បានពង្រឹងកិច្ចសហការល្អក្នុងការអនុវត្តគម្រោងសាលាបៃតង កម្មវិធីទឹកស្អាត អនាម័យនិងបំណិនជីវិត នៅតាមសាលារៀនគោលដៅនៃស្រុក ក្រុងទាំង ៩ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសាលារៀនស្អាត សាលារៀនមេត្រីបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ជាដើម ។

លោក ម៉ាក ក្លកល័រ ប្រធានអង្គការការីតាស្ត  ស្វីសប្រចាំកម្ពុជាបានថ្លែងថា  សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអនាម័យក្នុងសាលារៀន ៤៥កន្លែងនៅខេត្តបន្ទាយមានជ័យនេះ  វាមិនមែនជាការចាប់ផ្តើមដំបូងនៅកម្ពុជាទេ ។ ការីតាស្តបានជួយនៅកន្លែងឯទៀតមកដែរ ហើយអង្គការនឹងពិនិត្យ ឆ្លើយតបទៅក្រសួងអប់រំ និងអាជ្ញាធរកម្ពុជា ដើម្បីពង្រីកការជួយបន្តនៅគោលដៅសាលារៀនដទៃទៀត ។ 

ឯកឧត្ដម អ៊ុ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរមន្ទីរ ការិយាល័យអប់រំ និងសាលារៀនដែលបានខិតខំបំពេញការងារបានលទ្ធផលល្អលើការអភិវឌ្ឍន៍ធនធានមនុស្ស និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ  ឥស្សរជន សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ រួមទាំងអង្គការការីតាស្តស្វីស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងគុណភាពវិស័យអប់រំ ។  

ឯកឧត្ដម អ៊ុ រាត្រី ក៏រំលឹកដែរថា កន្លងមក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ឡាបូលាងដៃ ឧបករណ៍វាស់កំដៅ សាប៊ូ ម៉ាសដល់សាលារៀនទាំងអស់នៅក្នុងខែត្តដើម្បីលើកកម្ពស់សុខភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ ឯកឧត្ដម ក៏បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា អង្គការការីតាស្ត ស្វីសនិងភាគី អង្គការដៃគូ សប្បុរសជនផ្តល់ជំនួយទាំងឡាយបន្តជួយវិស័យអប់រំក្នុងខេត្តនេះទៀត ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា ក្នុងនាមតំណាង បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងលទ្ធផលវិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើឱ្យសាលារៀនជាជម្រកសុវត្ថិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្ស ។

គណៈអធិបតីនិងប្រតិភូបានកាត់ខ្សែបូរសម្ពោធហេដ្ឋារចនាសម្ព័ន្ធអនាម័យគម្រោងសាលាបៃតង និងទស្សនាពន្លាពិព័រនៃសាលារៀនគោលដៅទាំង៤៥និងអង្គការ ផ្នែកឯកជន ព្រមទាំងទីធ្លា សួនបន្លែសាលាម្ចាស់ផ្ទះ អំពីស្នាដៃរបស់ពួកគែលើគម្រោងអនាម័យ បរិស្ថាន លើកកម្ពស់គុណភាពអប់រំ ៕
ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner