ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង

ខេត្តកណ្តាល ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានចាត់ទុកថា «យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។

ដូច្នេះសូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផលដែល មានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន»។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តម ក៏សូមអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ត្រូវបានលើកកម្ពស់ជាលំដាប់។

នេះគឺជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្សឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ ៕ ដោយ ៖ ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner