សម្តេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អង្ករ ១៤០តោនជូនខណ្ឌទាំង ១៤ចំណុះឱ្យរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូន ពលរដ្ឋក្រីក្រខ្វះខាត

ភ្នំពេញ៖ អំណោយជាអង្ករចំនួន ១៤០តោនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានមកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា ៖ អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង ១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួលបានអង្ករ ១០តោន ដើម្បីបន្តយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឩបត្ថមដល់បងប្អូនហើយ ដោយមិនទុកឱ្យបងប្អូនអត់បាយនោះទេ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner