ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅដល់ជ្រៃធំ
កណ្ដាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាកហ្នឹងឃុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា -វៀតណាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉ ប្រវែង ៦៣,៦គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីឆ្នាំ២០០០ ផ្លូវជាតិលេខ២១នេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ហើយនៅឆ្នាំ២០០២ រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST)។ ដោយសារផ្លូវជាតិនេះ គឺជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ហើយតាមរយៈការសិក្សាជាថ្មី អំពីបរិមាណចរាចរណ៍ឆ្លងកាត់ខ្សែផ្លូវនេះបានបង្ហាញថា ចំនួនចរាចរណ៍ និងការដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើង និងមានភាពមមាញឹកខ្លាំងគួរឱ្យកត់សម្គាល់ ទើបនៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដើម្បីសិក្សាលទ្ធភាពសាងសង់ លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាល បេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្ត្រសំខាន់ៗ មួយចំនួនផងដែរ។ គម្រោងសាងសង់ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានសាងសង់ជា ២ដំណាក់កាល ដូចតទៅ៖
ដំណាក់កាលទី១៖ កំណាត់ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ ឃុំព្រែកស្តី ស្រុកកោះធំ (គីឡូម៉ែត្រលេខ៥៥) បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០១៧ ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣០ខែ រួមមាន៖
កំណាត់ផ្លូវ៤គន្លង៖ មានប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹងសរុប ២១ម៉ែត្រ បែងចែក ទិសដៅចរាចរណ៍ជា២ (២គន្លងទៅ ២គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ។ កំណាត់ផ្លូវ២គន្លង៖ មានប្រវែង ៤៤,២៥គីឡូម៉ែត្រ ទទឹងសរុប ១១ម៉ែត្រ បែងចែកទិសដៅ ចរាចរណ៍ជា២ (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ។ › សាងសង់ស្ពានថ្មី ៤៩កន្លែង ប្រវែង ១១៧៩ម៉ែត្រ ជួសជុលស្ពានចាស់ ៤កន្លែង ប្រវែង ១៧១ម៉ែត្រ ដាក់លូជ្រុង ១០កន្លែង និងលូមូល ១កន្លែង ព្រមទាំងការងារបំពាក់បរិក្ខារ ផ្លូវថ្នល់ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ។
ដំណាក់កាលទី២៖ កំណាត់ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត លេខ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ ៦៣+៦) មានទទឹងតួផ្លូវសរុប ១១ម៉ែត្រ ត្រូវ បានស្ថាបនាជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត សាងសង់ស្ពានថ្មី ១២កន្លែង ប្រវែង ៣៩៦ម៉ែត្រ រួមទាំងការងារបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់។ កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ១៦ខែ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩។
ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្ទីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុប ៦០,៩២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍ មួយចំនួន ដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៣ រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និង ប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន ៕
ដោយ :វណ្ណលុក






