ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តឧត្តរមានជ័យ បើកយុទ្ធនាការផ្សព្វផ្សាយ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន “

ឧត្តរមានជ័យ ៖ យុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន»បានរៀបចំឡើង ដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងសាលាក្រុងសំរោង មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាព ជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន និងប្រជាពលរដ្ឋមួយចំនួន នាព្រឹកថ្ងៃសុក្រទី០១ ខែមេសា ឆ្នាំ២០២២ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានគាំទ្រនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ ព្រោះថាជាការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ ចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសការបំពុលផ្សេងៗដែលបង្កឡើងដោយថង់ប្លាស្ទិក ។

ក្នុងពេលអញ្ជើញជាអធិបតីនៃពិធីបើកយុទ្ធនាការនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «យុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិក» នាឱកាសនេះ រៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាជនយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាល មកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។

ឯកឧត្តម បានឱ្យដឹងថា យុទ្ធនាការ នៃការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយ ពីកន្ត្រកបរិស្ថាន នឹងបានផ្តល់នូវព័ត៌មាន ក៏ដូចជា ចំណេះដឹង ថ្មីៗ ដូចជាចលនាទូលំទូលាយ កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញ ការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពី ការគ្រប់គ្រងថង់ប្លាស្ទិក ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ ជាអចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ ដោយងាកមកប្រើប្រាស់កន្រ្តកកញ្ជោរ ឬកន្រ្តកបរិស្ថាន។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបង្ហាញសេចក្តីសង្ឃឹមថា យុទ្ធនាការនាពេលនេះ នឹងលើកទឹកចិត្តប្រជាពលរដ្ឋ ទាំងអស់មានការយល់ដឹង និងភ្ញាក់រលឹក ហើយប្រែក្លាយជាការអនុវត្ត ជាក់ស្តែង និងអនុវត្តជាប្រចាំ ដើម្បីបុព្វហេតុបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ឱ្យមាននិរន្តរភាព។

សូមបញ្ជាក់ថា សំរាមនៅតាមទីប្រជុំជនបង្កើតឡើងចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ។ ក្នុងមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៥ លានតោន ក្នុងនោះ២០% ជាសំណល់ប្លាស្ទិក។

ទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ជាង៨ ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ ៩១% ទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណប្រហែលជាជាង ៤០០ លានតោន។

បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ ពាន់លានតោនក្នុងឆ្នាំ ២០១៥ រហូតដល់ ១២ ពាន់លានតោនក្នុងឆ្នាំ ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ។

បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។ សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទិសប្លាស្ទិកទំាងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner