កម្ពុជា-ណូវែលសេឡង់ប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសណូវែលសេឡង់ បានធ្វើការបេ្តជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្ម ទេ្វភាគី ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិកូវីដ-១៩។
ការប្តេជ្ញាចិត្តជំរុញវិស័យពាណិជ្ជកម្មទេ្វភាគីឱ្យកាន់តែប្រសើរនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី កាលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ ដោយក្នុងនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានបានជម្រាបផងដែរ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្រោមភាពជាប្រធានអាស៊ានរបស់ក ម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។
ឯកឧត្តម Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងនាំចេញ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំផងដែរ៕ ដោយ ង៉ាន់ ទិត្យ