ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ មានអណ្ដូងទឹកស្អាត ស្ថានីយ៍លាងដៃ និងបង្គន់អនាម័យ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ នៅស្រុកកោះញែក និងស្រុកកែវសីមា

មណ្ឌលគិរី ៖ សមិទ្ធផលថ្មីជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ តាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយ៍លាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ។

ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា, ឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសគណៈសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស , លោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ចចំពោះបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។

ជាមួយគ្នានេះ លោកជំទាវ បានលេីកឡេីងថា «ក្នុងឱកាសពិធីចម្រើនជន្មាយុសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លារអាម៉េរិកជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ ហើយដោយមើលឃើញពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាមសហគមន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចយកព្រះរាជទ្រព្យទាំងនោះ មកជីកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក និងស្រុកកែវសីមា នេះ។ ទន្ទឹមនឹងនេះ ក្នុងបរិបទនៃជំងឺកូវីដ-១៩ផង ហេីយស្របពេលនឹងការបើកសាលាឱ្យសិស្សបានចូលរៀនសូត្រឡើងវិញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចឱ្យមានការសាងសង់ស្ថានីយ៍លាងដៃជូនដល់សាលាចំនួន៧ នៅស្រុកកោះញែក និងស្រុកកែវសីមា សម្រាប់ការប្រេីប្រាស់លើកកម្ពស់សុខភាពអនាម័យ និងចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។»

លោក ទូច សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន កោះញែក ជំនួសមុខឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវក្តីរំភេីបរីករាយ និងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវអណ្ដូង ចំនួន ១កន្លែង ដែលបំពាក់ដោយម៉ូទ័របូមស្វ័យប្រវត្តិ ស្ថានីយ៍លាងសម្អាតដៃ ចំនួន ៣កន្លែង និងបន្ទប់ទឹកអនាម័យ ១ខ្នង ចំនួន ៤បន្ទប់ ព្រមទាំងសូមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស យូរអង្វែងតទៅ។

សូមជម្រាបជូនថា ក្នុងឱកាសនោះក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍មួយចំនួន ដែលមានដូចជា សៀវភៅសរសេរ ប៊ិក សាប៊ូដុំ និងថវិកាមួយចំនួនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងពិធី និងជូនដល់សាលាចំនួន៥ក្នុងស្រុកកោះញែក និងសាលាចំនួន២ ក្នុងស្រុកកែវសីមា ផងដែរ។ ដោយឡែកស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួចចំនួន១០គ្រួសារដែលមានវត្តមាននាឱកាសនោះក៏ទទួលបានអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលទៀតផង៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner