ការឡើងកាន់អំណាចខ្មែរក្រហម

១៧ មេសា ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមដែលដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត បុគ្គលដែលមានគេស្គាល់តិចតួចបំផុត បានវាយដណ្តើមបានទីក្រុងភ្នំពេញដោយជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីអ្នករស់នៅទីក្រុងភ្នំពេញ ពីព្រោះម្នាក់ៗគិតថា សង្គ្រាមរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ ហើយនឹងត្រៀមខ្លួនចូលរួមកសាងជាតិឡើងវិញ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក សំឡេងហ៊ោកញ្ជ្រៀវសាទរនេះ ត្រូវគ្របដណ្តប់មកវិញដោយសន្ធឹកនៃសំឡេងសំឡុត គំរាមកំហែងយ៉ាងព្រៃផ្សៃពីសំណាក់ទ័ពរំដោះដែលមានទឹកមុខមុតមាំកាចសាហាវ បណ្តេញប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជននានា ចេញពីទីក្រុង។ ពេលឡើងកាន់អំណាចភ្លាមៗ មេដឹកនាំខ្មែរក្រហមមិនបានធ្វើការផ្សះផ្សាជាតិក្រោយសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងរយៈពេល៥ឆ្នាំ ដែលបង្កឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ របួស និងពិការនោះទេ ប៉ុន្តែបែរជាចេញបញ្ជាឱ្យស្រាវជ្រាវប្រមូលអតីតទាហាន អ្នករដ្ឋការលន់ នល់ ទាំងអស់យកទៅសម្លាប់ចោលដោយគ្មានការលើកលែង។

លើសពីនេះ មេដឹកនាំខ្មែរក្រហមដ៏ក្រអឺតក្រទមទាំងអស់នេះ បានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ ជាពិសេសឃឿនសេដ្ឋកិច្ចជាតិ ហើយដាក់ចេញនូវគោលនយោបាយ៨ចំណុចដ៏ឆ្កួតលេលារបស់ខ្លួន។ ខ្មែរក្រហមដែលតែងតែទះទ្រូងអួតក្អេងក្អាងថានឹងធ្វើឱ្យប្រជាជនរស់នៅដោយស្មើភាពគ្នា ប៉ុន្តែបែរជាបង្កើតនូវវណ្ណៈសង្គម ដែលឱ្យតម្លៃទៅលើតែវណ្ណៈកសិករ និងកម្មករមួយគត់។ ពួកគេបានសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយមនៃបដិវត្តន៍កុម្មុយនីស្ត ដោយបញ្ឆេះកំហឹង និងលាបពណ៌ខ្មែរគ្នាឯងឱ្យមានការស្អប់ខ្ពើមគ្នា។ ខ្មែរក្រហមចាត់ទុកប្រជាជនក្រោយរំដោះ ១៧មេសា ជាឈ្លើងសង្គម និងប្រៀបប្រដូចនឹងសត្វតិរច្ឆាន ជាមេរោគដែលត្រូវកម្ចាត់ចោល។ ចំពោះទំនាក់ទំនងការបរទេស មេដឹកនាំខ្មែរក្រហម បានដាក់កម្ពុជាឱ្យឯកកោពីពិភពខាងក្រៅ និងមានទំនាក់ទំនងតិចតួចបំផុតជាមួយប្រទេសកុម្មុយនីស្តមួយចំនួនប៉ុណ្ណោះ។

ជាលទ្ធផលនៃការគ្រប់គ្រងដ៏ល្ងីល្ងើរបស់មេដឹកនាំរបបយង់ឃ្នងខ្មែរក្រហមទាំងអស់នេះ បង្កើតបានជាឧក្រិដ្ឋកម្ម និងអំពើឃោរឃៅបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលប្រែក្លាយប្រទេសកម្ពុជាត្រឡប់ទៅចំណុចសូន្យគ្រប់លើវិស័យ ធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ក្លាយជាទាសករនៅការដ្ឋានការងារគុកឥតជញ្ជាំង និងជាង៣លាននាក់ បានបាត់បង់ជីវិតដោយអត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់គ្មានម៉ោងសម្រាក ឈឺគ្មានថ្នាំព្យាបាល ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រដ្ឋាភិបាលផូព្រឿង #ក្អែកខ្មៅ #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ប៉ុលពត #របបវាលពិឃាត

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner