អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យបោះឆ្នោតទូទាំងរាជធានី-ខេត្ត 

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យបោះឆ្នោត ទូទាំងរាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការនគរបាលរាជធានី-ខេត្ត ទាំង២៥ និងលោកស្នងការរងពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងចំនួន ២ចំនុចមានដូចជា៖

១)ការផ្ទៀងផ្ទាត់កម្លាំងជាក់ស្តែង ដែលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើរួចផ្ញើមកលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត។

២)ការសួរបញ្ជាក់បន្ថែមអំពីមូលហេតុនៃបញ្ហាប្រឈមនានា ពាក់ព័ន្ធដល់ការប្រើប្រាស់កម្លាំង។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលប្រជាការពារ និងភា្នក់ងារសន្តិសុខសម្រាប់ការពារការិយាល័យបោះឆ្នោត ដែលតាមផែនការបណ្តុះបណ្តាលនឹងបញ្ចប់នៅចុងខែមេសាខាងមុខនេះ ក្រោយការបណ្តុះបណ្តាលចប់ត្រូវចុះពិនិត្យឡើងវិញថាតើពួកគាត់ទទួលបានការយល់ដឹងកម្រិតណា ទន្ទឹមនោះក៏ត្រូវពិនិត្យអំពីអកប្បកិរិយា និងក្រមសីលធម៌ផងដែរ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានបញ្ជាក់ដល់ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន ដែលមានតួលេខអំពីការប្រើប្រាស់កម្លាំងនៅមិនទាន់ច្បាស់លាស់ សូមពិនិត្យ និងកែសម្រួលឡើងវិញ៕ 

ដោយ៖ពលជ័យ

ads banner