ពង្រឹងទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី

មកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រាស្លាប់ស្ថិតនៅកម្រិតទាប។ លទ្ធផលនេះបានជំរុញឲ្យការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើរតួនាទីកាន់តែសំខាន់ ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចជាតិ និងនៅមូលដ្ឋាន បានរឹងមាំជាងមុន។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបបានបញ្ចប់នាពេលថ្មីៗ ប្រជាពលរដ្ឋបានជួបជុំគ្នា សប្បាយរីករាយនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់កម្សាន្ត ដែលមានទេសភាព និងធម្មជាតិស្អាតៗ ប្លែកៗនៅទូទាំងប្រទេស។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ ឱ្យបន្តអនុវត្តន៍កម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរការពារនិងអភិរក្សធនធានធម្មជាតិ។

ប្រសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីលើទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ«សន្តិភាព និងស្ថេរភាពនយោបាយ» តាមរយៈនយោបាយឈ្នះឈ្នះ ដែលបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជិត២៤ឆ្នាំកន្លងមក ជាហើយពេលនេះ វិស័យទេសចរណ៍នៅកម្ពុជា បានជំរុញឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏បានស្គាល់មាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លាកាន់តែច្បាស់។

ជាមួយគ្នានេះ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាំមកនូវចំណូលសម្រាប់ជួយគ្រប់គ្រងបណ្តាញតំបន់ការពារដ៏ធំល្វឹងល្វើយរបស់កម្ពុជា និងការពារសេវាកម្មអេកូឡូស៊ីដែលផ្តល់ដោយធនធានធម្មជាតិ ដែលកម្ពុជារក្សាបានតាមរយៈការបង្កើតតំបន់ការពារធម្មជាតិប្រទាក់ឡាគ្នាចំនួន៧៤កន្លែង គ្របដណ្តប់លើផ្ទៃដី៤១%នៃផ្ទៃដីប្រទេសទាំងមូល។

កន្លងមក ក្រសួងបរិស្ថានបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឌែលមានរហូតមកទល់ពេលនេះចំនួន១៧៨ សហគមន៍ ការអប់រំផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ និងការបំផុសស្មារតី «កម្ពុជាមាតុភូមិខ្ញុំ» ដែលបានប្រែក្លាយវិស័យបរិស្ថានទៅជា«ក្រវ៉ាត់បៃតង»។

ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្របច្ចេកទេស ថវិកា ពូជសត្វ ដំណាំ និងកិច្ចសម្របសម្រួលជាមួយផ្សារទំនើបមួយចំនួន ដើម្បីដាក់លក់ផលិតផល សហគមន៍ ហើយកំពុងបន្តជំរុញលើកកម្ពស់ស្ថានភាពជីវភាពសហគមន៍ តាមរយៈការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការជាដៃគូ និងផ្នែកឯកជនពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាអាទិ៍កសិកម្មទំនើប អភិវឌ្ឍន៍ជនបទ អេកូទេសចរណ៍ ការអប់រំសម្រាប់ទាំងអស់គ្នា សុខភាពសហគមន៍ មន្ទីរពេទ្យ បង្គន់អនាម័យ ទឹកស្អាត និងអាហារូបត្ថម្ភ ជាដើម។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិផងដែរ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយបានចូលរួមពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ការអភិ ជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវនៃគណបក្សប្រជាជនកម្ពុជា និងប្រសាសន៍នែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានកំណត់ទស្សនវិស័យបរិស្ថានយ៉ាងច្បាស់លាស់ គឺធានាឱ្យបាននូវគុណភាពនិងនិរន្តរភាពបរិស្ថាន និងការពារឱ្យបាននូវកេរ្តិ៍ដំណែលធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប៕

(ខ្វៃ អាទិត្យា)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner