ហេតុ​អ្វី​បាន​ជា​អាល្លឺម៉ង់​ប្រឆាំង​ការ​ទាមទារ​ឱ្យ​បើក​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ​ ដើម្បី​បន្ធូរ​បន្ថយ​វិបត្តិ​ថាមពល

ខណៈ​ពេល​ដែល​ទណ្ឌកម្ម​លោក​ខាង​លិច​ទំនង​នឹង​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​មក​កាន់​ប្រទេស​អាល្លឺម៉ង់​ មាន​ការ​ការ​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ក្រុង​ប៊ែរឡាំង​ មិន​រហ័សរហួន​បើក​ដំណើរ​ការ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ​។

កាល​ពី​ខែ​មុន​សមាជិក​សភា​អាល្លឺម៉ង់​មក​ពី​គណបក្ស​ស្កាំ​និយម​ជ្រុល​ AfD លោក​ម៉ាក ប៊ឺនហាដ​បាន​ប្រាប់​លោក​អធិការបតី​អូឡាហ្វ សូល​ថា​៖ «ប្រសិន​បើ​យើង​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​រោងចក្រ​ទាំង​បី​ ដែល​ទើប​បិទ​កាល​ពី​ខែ​ធ្នូ​ រួម​ជាមួយ​នឹង​រោង​ចក្រ​ទាំង​បី​ ដែល​នៅ​បន្ត​តែ​ដំណើរ​ការ​នោះ​ ពួកគេ​អាច​ជំនួស​ការ​នាំ​ចូល​ធ្យូង​ថ្ម​ទាំង​អស់​ពី​រុស្ស៊ី ឬ​៣០ ភាគរយ​នៃ​ឧស្ម័ន​រុស្ស៊ី​។

លោក​សូល​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ខ្លី​ថា​៖ «ប្រសិន​បើ​ពិភពលោក​នេះ​សាមញ្ញ​ដូច​បែប​នេះ​ នោះ​យើង​នឹង​មាន​ជីវិត​ល្អ​ណាស់»​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ប៊ឺនហាដ​គឺ​មិនមែន​តែ​ម្នាក់​ឯង​ទេ​ដែល​បាន​លើក​ឡើង​ពី​បញ្ហាញ​នេះ​។ ប្រទេស​អាល្លឺម៉ង់​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ជា​ដំណាក់​កាល​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នៅ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​ ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​ ២០១១​។ រោងចក្រ​នុយក្លេអ៊ែរ​ចុង​ក្រោយ​របស់​អាល្លឺម៉ង់​គឺ​គ្រោង​នឹង​បិទ​នៅ​ចុង​ឆ្នាំ​នេះ​ ប៉ុន្តែ​ឥឡូវ​នេះ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ធ្យូង​ថ្ម​រុស្ស៊ី​ ហើយ​កាន់​តែ​មាន​សម្ពាធ​ឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រេង និង​ឧស្ម័ន​ទៀត​ ធ្វើ​មនុស្ស​ជា​ច្រើន​និយាយ​ថា​មាន​ចាំបាច់​ឱ្យ​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើង​វិញ​។

រដ្ឋាភិបាល​អាល្លឺម៉ង់​និយាយ​ថា​ខ្លួន​មិន​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​ទេ​។ ពួកគេ​បាន​លើក​ឡើង​អំពី​ហេតុផល​បច្ចេកទេស​ ប៉ុន្តែ​អ្នក​វិភាគ​ច្រើន​បាន​និយាយ​ថា​កត្តា​នយោបាយ​គឺ​ជា​កត្តា​ធំ​បំផុត​ ដោយ​សារ​គណបក្ស​បៃតង​ ដែល​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​សម្ព័ន្ធភាព​កាន់​អំណាច​ និង​ជា​អ្នក​គ្រប់គ្រង​ក្រសួង​សេដ្ឋកិច្ច​ បាន​ប្រកាន់​ជំហរ​បរិស្ថាន​និយម​យ៉ាង​ម៉ឺងម៉ាត់​។

បើ​ទោះ​បី​ជា​គំនិត​នេះ​មាន​ការ​ទាក់ទាញ​បែប​នេះ​ក៏​ដោយ​​ មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​វិភាគ​និយាយ​ថា​ការ​វិល​ត្រឡប់​ទៅ​ប្រើ​ថាមពល​នុយក្លេអ៊ែរ​វិញ​គឺ​អាច​ស្មុគស្មាញ​ជាង​ការ​គិត​។

ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​របស់​អាល្លឺម៉ង់​ទៅ​លើ​ឧស្ម័ន​រុស្ស៊ី គឺ​ភាគ​ច្រើន​ប្រើប្រាស់​ក្នុង​ការ​ផលិត​កម្ដៅ​នៅ​តាម​គេហដ្ឋាន​នានា និង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ឧស្សាហកម្ម​ធ្ងន់​។ ប៉ុន្តែ​ថាមពល​នុយក្លេអ៊ែរ​មិន​បាន​ដើរ​តួ​អ្វី​មួយ​ក្នុង​តម្រូវ​ការ​ទាំង​ពីរ​នេះ​ទេ​។ រោងចក្រ​នុយក្លេអ៊ែរ​នៅ​សល់​ទាំង​បី​ គឺ​មិន​បាន​ផ្ដល់​អ្វី​ច្រើន​ទៅ​កាន់​ល្បាយ​ថាមពល​របស់​អាល្លឺម៉ង់​នោះ​ទេ​។ សរុប​រោងចក្រ​ទាំង​បី​នេះ​មាន​ចំណុះ​ត្រឹម​តែ​ ៤,៣ ហ្គីហ្គា​វ៉ាត់​ប៉ុណ្ណោះ​ ហើយ​ផ្គត់ផ្គង់​ ៣០ តេរ៉ា​វ៉ាត់​ក្នុង​មួយ​ឆ្នាំ​ ដែល​ត្រឹម​តែ​ ៥ ភាគរយ​នៃ​ផលិតកម្ម​អគ្គិសនី​របស់​អាល្លឺម៉ង់​ប៉ុណ្ណោះ​។

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាង​ថា​ការ​សម្រេច​ចិត្ត​ពន្យារ​ការ​ដំណើរការ​របស់​រោងចក្រ​ទាំង​នេះ​ គឺ​នឹង​តម្រូវ​ឱ្យ​មាន​ការ​វាយ​តម្លៃ​ហានិភ័យ​ពេញលេញ ខណៈ​ពេល​ដែល​ហានិភ័យ​ពាក់ព័ន្ធ​និង​ថាមពល​នុយក្លេអ៊ែរ​បាន​កើន​ឡើង​ ជា​ពិសេស​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ​ទាំង​តាម​អ៊ីនធឺណិត​ និង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ​ដទៃ​ទៀត​។ គេ​បាន​ចង្អុល​ទៅ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ដែល​រុស្ស៊ី​បាន​ធ្វើ​ការ​បាញ់​មីស៊ីល​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីស៊ី និង​បង្ក​ការ​ដាច់​ភ្លើង​នៅ​តំបន់​គ្រោះ​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ​។

បន្ថែម​ពី​លើ​នេះ រោងចក្រ​ទាំង​បី​គឺ​មិន​មាន​ឥន្ធនៈ​នុយក្លេអ៊ែរ​គ្រប់គ្រាន់​ដើម្បី​បន្ត​ដំណើរ​ការ​ផុត​ចុង​ឆ្នាំ​នេះ​ទេ​។ ហើយ​បណ្ដុំ​ឥន្ធនៈ​ថ្មី​គឺ​នឹង​ត្រូវ​ការ​រយៈ​ពេល​ពី​ ១២ ខែ​ទៅ​១៥ ខែ​ដើម្បី​ផលិត​ ដោយ​យ៉ាង​ឆាប់​គឺ​ពាក់​កណ្ដាល​ឆ្នាំ ២០២៣​។ រុស្ស៊ី​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ធំ​ជាង​គេ​ទី​ពីរ​នៃ​សារធាតុ​អ៊ុយរ៉ាន្យោម​សម្រាប់​អឺរ៉ុប​។

ពេល​វេលា​ចុង​ក្រោយ​ដែល​រោងចក្រ​ទាំង​បី​ត្រូវ​បាន​ត្រួត​ពិនិត្យ​ក្នុង​ឆ្នាំ​ ២០០៩ ហើយ​រដ្ឋាភិបាល​អះអាង​ថា​ការ​ពិនិត្យ​ថ្មី​ នឹង​បង្ក​ឱ្យ​មាន​តម្រូវ​ការ​ «ការ​វិនិយោគ​ដ៏​ធំ» ទៅ​លើ​បច្ចេកវិទ្យា​សុវត្ថិភាព​។ នេះ​មាន​ន័យ​ថា​ពួកគេ​នឹង​ត្រូវ​ធ្វើ​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ឱ្យ​រោងចក្រ​ទាំង​នេះ​ ដែល​នឹង​តម្រូវ​មាន​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។

ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​រោងចក្រ​ថាមពល​ទាំង​នេះ​ក៏​មិន​មាន​បំណង​ប្រាថ្នា​ចង់​បន្ត​ដំណើរ​ការ​ទៀត​ទេ​។ លោក​ហ្វ្រែង ម៉ាស្ទីអូ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ EnBW បាន​និយាយ​ថា​ការ​បន្ត​ដំណើរ​ការ​លើស​កាល​កំណត់​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ «គឺ​មិន​អាច​ទៅ​រួច​ជាមួយ​និង​ការ​រៀប​ចំ​បច្ចេកទេស​ដែល​យើង​មាន​នៅ​ថ្ងៃ​នេះ»​។ ទឡ្ហីករណ៍​ប្រឆាំង​ អាច​ជា​ការ​បញ្ចុះ​បញ្ចូល​ ប៉ុន្តែ​មាន​អ្នក​នយោបាយ​អាល្លឺម៉ង់​ជាច្រើន​ដែល​ចង់​ផ្តល់​ការ​ដក​សម្ពាធ​ដល់​អ្នក​បោះឆ្នោត​ពី​តម្លៃ​ថាមពល​ខ្ពស់​ដែល​កំពុង​បន្ត​អង្វរ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ដោយ​នុយក្លេអ៊ែរ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner